ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន​ ៖ អក្សរ ‘Z’ នៅលើរថក្រោះ រុស្ស៊ីមានន័យថា “ឧក្រិដ្ឋកម្មសង្រ្គាម របស់រុស្ស៊ី ការទម្លាក់គ្រាប់បែក លើទីក្រុង ប្រជាជនអ៊ុយក្រែន រាប់ពាន់នាក់ ត្រូវបានសម្លាប់

បរទេស ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បានជំរុញសហគមន៍សកលលោក ឱ្យហាមឃាត់និមិត្តសញ្ញា ដែលប្រើដោយយោធារុស្ស៊ី ពីព្រោះតាមទស្សនៈ របស់ទីក្រុងគៀវ ដែលវាតំណាងឱ្យការវាយប្រហារយោធា ដែលកំពុងបន្តរបស់ទីក្រុងមូស្គូ មកលើប្រទេសនេះ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Kuleba បានសរសេរនៅលើ Twitter កាលពីថ្ងៃអង្គារថា “ខ្ញុំអំពាវនាវឱ្យរដ្ឋទាំងអស់ ដាក់ទោសកំហុស ចំពោះការប្រើប្រាស់និមិត្តសញ្ញា ‘Z’ ជាមធ្យោបាយមួយ ដើម្បីគាំទ្រជាសាធារណៈ ចំពោះសង្គ្រាមឈ្លានពាន របស់រុស្ស៊ីប្រឆាំង នឹង អ៊ុយក្រែន” ។ លោកបានបន្ថែមថា ‘Z’ មានន័យថា “ឧក្រិដ្ឋកម្មសង្រ្គាមរបស់រុស្ស៊ី ការទម្លាក់គ្រាប់បែក ចេញលើទីក្រុង ប្រជាជនអ៊ុយក្រែន រាប់ពាន់នាក់ត្រូវបានសម្លាប់” ហើយបាននិយាយថា “ការគាំទ្រជាសាធារណៈ ចំពោះភាពព្រៃផ្សៃនេះ ត្រូវតែត្រូវបានហាមឃាត់” ។

សូមជម្រាបថា ទាំងអក្សរ “Z” ឬអក្សរ “V ” គឺជានិមិត្តសញ្ញាពីរ ដែលបង្ហាញ នៅលើយានយន្តទាំងអស់ របស់កងទ័ពរុស្ស៊ី ដែលចូលរួម ក្នុងប្រតិបត្តិការយោធា នៅអ៊ុយក្រែន ។ នៅក្នុងប្រទេស រុស្ស៊ី អក្សរទាំងពីរនេះ ត្រូវបានគេប្រើប្រាស់ ដើម្បីគាំទ្រដល់ការវាយលុកយោធា របស់វិមានក្រឹមឡាំងប្រឆាំងនឹងទីក្រុងគៀវ។ អក្សរនេះត្រូវបានគេប្រើជាទូទៅ នៅលើបដា និងស្ទីគ័រឡាន៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top