អង់គ្លេស ៖ នេះបើយោង តាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Dyson បានបង្កើតកាសស្តាប់ត្រចៀក ដ៏ចម្លែកមួយរួមមានវ៉ែនតា ការពារត្រូវបានរចនាឡើង ដើម្បីជួយមនុស្សឲ្យជៀសផុត ពីខ្យល់កខ្វក់នៅទីក្រុង ដែលចម្រោះការបំពុល និងផ្លុំខ្យល់ស្រស់ចូលទៅក្នុងច្រមុះ និងមាត់របស់អ្នក ។
កាសស្តាប់ត្រចៀកហៅថា Dyson Zone ឧបករណ៍អាចពាក់បានរួមបញ្ចូលគ្នា នូវកាសស្តាប់ត្រចៀក អាចលុបសំឡេងរំខាន និងវ៉ែនតាដាក់នៅពីមុខច្រមុះ និងមាត់ ដោយបញ្ជូនខ្យល់បានច្រោះរួចហើយ ។ សម្រាប់ការធ្វើតេស្តិ៍ Dyson Zone បានចម្រោះមេរោគ២ ប្រភេទ ចេញពីខ្យល់ដោយជោគជ័យ ទោះបីជាវាមិនត្រូវបានធ្វើតេស្តិ៍លើ SARS-CoV-2 ជាមេរោគបណ្តាលឲ្យ Covid ក៏ដោយ ។
ក្រុមហ៊ុនបច្ចេកវិទ្យាអង់គ្លេស បាននិយាយថា ឧបករណ៍នេះត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំង ឡើងអំពីការបំពុលខ្យល់ និងសំឡេងនៅទីក្រុង ។ Dyson Zone ជាឧបករណ៍ពាក់ដំបូង បង្អស់ របស់ក្រុមហ៊ុននឹងដាក់លក់នៅរដូវស្លឹកឈើជ្រុះ ទោះបីជាតម្លៃមិនទាន់ ត្រូវបានបញ្ជាក់ក៏ដោយ ។
លោក Jake Dyson ជាប្រធានវិស្វកររបស់ក្រុមហ៊ុន និងជាកូនប្រុសរបស់ស្ថាបនិកក្រុមហ៊ុន និងជាសហគ្រិន មហាសេដ្ឋី Sir James Dyson បាននិយាយថា ការបំពុលខ្យល់ គឺជាបញ្ហាសកល វាប៉ះពាល់ដល់យើងគ្រប់ទីកន្លែងដែលយើងទៅរួមមានក្នុង ផ្ទះរបស់យើង នៅសាលារៀន កន្លែងធ្វើការ និងពេលយើងធ្វើដំណើរ មិនថាដោយថ្មើរជើង ជិះកង់ ឬដោយការដឹកជញ្ជូនសាធារណៈ ឬឯកជន ៕ដោយ៖លី ភីលីព