គីតូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ថា យោងតាមអាជ្ញាធរពន្ធនាគារដែលបានចេញរបាយការណ៍បឋម បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន១២នាក់ ដែលជាអ្នកទោសត្រូវបានសម្លាប់ និង១០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងពេលមានអំពើហិង្សាដែលបានកើតឡើង កាលពីព្រឹកថ្ងៃអាទិត្យនៅក្នុងពន្ធនាគារមួយ នៅភាគខាងត្បូងអេក្ខាឌ័រ ។
អំពើកុប្បកម្មបានកើតឡើងនៅក្នុងទីក្រុង Cuenca នៅក្នុងកន្លែងមួយដែលគេស្គាល់ថា ជាពន្ធនាគារ Turi ដែលជាកន្លែងកែប្រែដ៏ធំបំផុតមួយនៅក្នុងប្រទេសនេះ ។
ដើម្បីឆ្លើយតបនឹងកុបកម្ម រដ្ឋាភិបាលបានបញ្ជូនសមាជិកនគរបាលជាតិ និងកងកម្លាំងប្រដាប់អាវុធជាង៨០០នាក់ ដើម្បីរៀបចំសណ្តាប់ធ្នាប់ឡើងវិញ ។
លោក Patricio Carrillo រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានថា រហូតមកដល់ពេលនេះ “ជនរងគ្រោះចំនួន១២នាក់ត្រូវបានកំណត់អត្តសញ្ញាណហើយ” ។
លោក Carrillo បានឲ្យដឹងថា “ការលើកទឹកចិត្ត (នៃកុប្បកម្ម) គឺដោយសារតែមានអង្គការមួយដែលចង់មានអំណាចដាច់ខាតនៅក្នុងមជ្ឈមណ្ឌល ហើយមានបន្ទប់ឃុំឃាំងមួយចំនួនដែលបានបះបោរប្រឆាំងនឹងពួកគេ ។
អាជ្ញាធរបានបញ្ជាក់ថា ក្នុងពេលមានការរំខាន អ្នកទោស៩០នាក់ត្រូវបានជម្លៀសចេញ ក្នុងនោះមាន១០នាក់បានរងរបួស។
លោក Carrillo បានលើកឡើងថា ”ជាអកុសល ពន្ធនាគារមានរយៈពេលយូរណាស់មកហើយ ក្លាយជាការគំរាមកំហែងអចិន្ត្រៃយ៍ ប៉ុន្តែថ្ងៃនេះ ឆន្ទៈមាន ហើយយើងនឹងចាត់វិធានការ ចាំបាច់” ដោយលោកបានលើកឡើងទៀតថា វិធានការកំពុងត្រូវបានអនុវត្តដើម្បីការពារកុប្បកម្មដែលអាចកើតមាន នៅក្នុងពន្ធនាគារផ្សេងទៀតនៅក្នុងប្រទេស ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា