បរទេស៖ កងកម្លាំងនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងនឹងមិនមានជម្រើសផ្សេងនោះទេ ប៉ុន្តែត្រូវឆ្លើយតបទៅវិញ ប្រសិនបើកូរ៉េខាងត្បូងសម្រេចចិត្តវាយប្រហារប្រទេសកូរ៉េខាងជើង , នេះបើតាមលោកស្រី Kim Yo Jong ទីប្រឹក្សាសំខាន់របស់បងប្រុសលោកស្រី គឺ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បាននិយាយថា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា វាជាការព្រមានលើកទីពីររបស់ប្អូនស្រីប្រធានាធិបតីកូរ៉េខាងជើង ក្នុងរយៈពេល៣ ថ្ងៃ បន្ទាប់ពីការអះអាងរបស់រដ្ឋាភិបាលទីក្រុងសេអ៊ូលថា ប្រទេសនេះអាចធ្វើការវាយប្រហារតាមដែនអាកាសទុកជាមុនប្រឆាំងនឹងអ្នកជិតខាងរបស់ខ្លួន។
លោកស្រី Kim Yo Jong បាននិយាយដូចដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ថា “ក្នុងករណីដែលកូរ៉េខាងត្បូងទទួលយកការប្រឈមមុខដាក់គ្នាផ្នែកយោធាប្រឆាំងនឹងយើង កងកម្លាំងប្រយុទ្ធនុយក្លេអ៊ែររបស់យើងមានកាតព្វកិច្ចអនុវត្តបេសកកម្មរបស់ខ្លួនដោយជៀសមិនរួច”។ លោកស្រី Kim បានបន្ថែមថា រដ្ឋាភិបាល ទីក្រុងសេអ៊ូល នឹងទទួលរងនូវគ្រោះមហន្តរាយដ៏អាក្រក់ដែលមិនអាចនឹកស្មានដល់បាន ប្រសិនបើកងទ័ពរបស់ប្រទេសនេះ បំពានលើទឹកដីរបស់យើងសូម្បីតែមួយអ៊ីញ៕