បរទេស៖ សហរដ្ឋអាមេរិក បានអនុញ្ញាតឱ្យលក់ យន្តហោះចម្បាំងដ៏សំខាន់មួយ ទៅឱ្យប្រទេសប៊ុលហ្គារី ដែលមានតម្លៃជាង ១,៦ពាន់លានដុល្លារ ដោយយល់ព្រមផ្ទេរយន្តហោះ F-16 ជាច្រើនគ្រឿងទៅកាន់ ប្រទេសនៅអឺរ៉ុបខាងកើត ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការបរទេសអាមេរិក បានអនុម័តកិច្ចព្រមព្រៀងនេះ កាលពីថ្ងៃចន្ទ។ យោងតាមទីភ្នាក់ងារ សហប្រតិបត្តិការ សន្តិសុខការពារជាតិអាមេរិក (DSCA) បន្ថែមពីលើយន្តហោះចម្បាំង F-16 ចំនួន៨គ្រឿង វាក៏រួមបញ្ចូលផងដែរនូវមីស៊ីល ឧបករណ៍ស៊ិនស័រ និងគ្រឿងបន្លាស់ ដែលមានតម្លៃសរុប ១,៦៧ ពាន់លានដុល្លារ។
ទីភ្នាក់ងារនេះបាននិយាយថា “ការលក់ដែលបានស្នើឡើងនេះនឹងគាំទ្រ ដល់គោលនយោបាយការបរទេស និងគោលបំណងសន្តិសុខជាតិ របស់សហរដ្ឋអាមេរិក ដោយជួយធ្វើឱ្យប្រសើរឡើង នូវសន្តិសុខនៃសម្ព័ន្ធមិត្តណាតូ ដែលជាកម្លាំងសម្រាប់ ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅអឺរ៉ុប” ហើយថា បន្ថែមថា វានឹងអនុញ្ញាតឱ្យកងទ័ពអាកាស របស់ប្រទេស ប៊ុលហ្គារី «ដាក់ពង្រាយយន្តហោះចម្បាំង ទំនើបៗជាប្រចាំ នៅក្នុងតំបន់សមុទ្រខ្មៅ»៕ ប្រែសម្រួលៈ ណៃ តុលា