បរទេស ៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងអ្នកការទូតកំពូលរបស់សហភាព អឺរ៉ុបលោក Josep Borrell នឹងធ្វើទស្សនកិច្ច នៅរដ្ឋធានីរបស់អ៊ុយក្រែន ក្នុងសប្តាហ៍នេះ នេះបើតាមអ្នកនាំពាក្យ របស់ប្រធានអគ្គស្នងការ បានប្រកាសកាលពីថ្ងៃអង្គារ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ទាំង ២រូប នឹងជួបជាមួយប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelensky ដោយផ្ទាល់ មុនពេលចេញដំណើរ ទៅទីក្រុង Warsaw ប្រទេសប៉ូឡូញ នៅថ្ងៃសៅរ៍សម្រាប់ព្រឹត្តិការណ៍ មួយបង្ហាញពីសាមគ្គីភាព របស់ប្លុកជាមួយប្រទេសនេះ ។ នេះបើតាមលោក Eric Mamer ប្រធានអ្នកនាំពាក្យ របស់លោកស្រី von der Leyen បានសរសេរនៅលើ Twitter ។
ព្រឹត្តិការណ៍ Stand Up For Ukraine នៅរដ្ឋធានីរបស់ប៉ូឡូញ ត្រូវបានរៀបចំឡើងដោយ EU និង ប្រទេសកាណាដា “ដើម្បីរៃអង្គាសថវិកា និងប្រភេទជំនួយផ្សេងទៀត ដើម្បីបំពេញតម្រូវការ របស់ជនភៀសខ្លួនផ្ទៃក្នុងអ៊ុយក្រែន និងជនភៀសខ្លួន” នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់សហភាពអឺរ៉ុប ។
តារាល្បីនៅលោកខាងលិចរួមមាន Bono, Madonna, Elton John, Miley Cyrus, Adam Lambert, Céline Dion និង Alanis Morissette ត្រូវបានគេរំពឹងថានឹងចូលរួម ។ ប្រទេសប៉ូឡូញគឺជាគោលដៅចម្បង សម្រាប់ជនជាតិអ៊ុយក្រែន ដែលភៀសខ្លួនចេញពីអំពើហឹង្សា ក្នុងប្រទេសរបស់ពួកគេចាប់តាំង ពីការវាយលុកយោធារបស់រុស្ស៊ី ត្រូវបានចាប់ផ្តើមនៅចុងខែកុម្ភៈ៕ប្រែសម្រួលៈ ណៃ តុលា