គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានលើកឡើងថា ការពិភាក្សារវាងអ៊ុយក្រែន និងរុស្ស៊ីនឹងបន្ត ទោះបីជាមានភស្តុតាងនៃ “អំពើឃោរឃៅធ្វើឡើងដោយយោធារុស្ស៊ី” ។
លោក Zelensky ត្រូវបានដកស្រង់សម្តីដែលបានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ Haberturk របស់ប្រទេសតួកគីថា “ក្នុងករណីណាក៏ដោយ យើងត្រូវតែស្វែងរក សូម្បីតែឱកាសតិចតួចសម្រាប់ដំណើរការចរចា។ ខ្ញុំគិតថាវាពិបាកក្នុងការបញ្ចប់សង្រ្គាម”។
លោក Zelensky បានសង្កត់ធ្ងន់លើសារៈសំខាន់នៃបេសកកម្មសម្រុះសម្រួលនៃបណ្តាប្រទេសផ្សេងទៀតរួមទាំងតួកគីផងដែរនៅក្នុងកិច្ចពិភាក្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យ៉ាងហោចណាស់មនុស្ស ២៨០ នាក់ រួមទាំងកុមារត្រូវបានគេរកឃើញថា បានស្លាប់នៅក្នុងទីក្រុង Bucha ចម្ងាយប្រហែល ២៨ គីឡូម៉ែត្រភាគពាយព្យនៃទីក្រុងគៀវ បន្ទាប់ពីកងទ័ពអ៊ុយក្រែន បានដណ្តើមកាន់កាប់ទីក្រុងមកវិញពីយោធារុស្ស៊ី។
លោក Zelensky ពីមុនបានហៅការសម្លាប់ជនស៊ីវិលនៅទីក្រុង Bucha ថាជា “ឧក្រិដ្ឋកម្មសង្គ្រាម” ប៉ុន្ដែក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃអាទិត្យ បានបដិសេធការចោទប្រកាន់របស់ក្រុងកៀវ ចំពោះការចោទប្រកាន់ថា បានសម្លាប់ជនស៊ីវិលនៅក្នុងការតាំងទីលំនៅ នៅទីក្រុង Bucha ក្នុងតំបន់គៀវ របស់អ៊ុយក្រែន៕ប្រែសម្រួល ឈូក បូរ៉ា