ព័ត៌មានអន្តរជាតិ

រុស្ស៊ី ប្រើមីស៊ីល បំផ្លាញ រោងចក្រយោធា នៅខាងក្រៅទីក្រុងគៀវ

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានវាយប្រហាររោងចក្រយោធាមួយនៅខាងក្រៅទីក្រុងគៀវ ខណៈដែលទីក្រុងម៉ូស្គូបង្កើនការវាយប្រហាររបស់ខ្លួនទៅលើរដ្ឋធានីអ៊ុយក្រែន។

យោងតាមសារព័ត៌មាន The Mosco Times ចេញផ្សាយកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram ថា “ក្នុងអំឡុងពេលយប់ មីស៊ីលបាញ់តាមអាកាស បានបំផ្លាញរោងចក្រគ្រាប់នៅជិតការតាំងទីលំនៅនៃតំបន់ Brovary តំបន់គៀវ” ។

អភិបាលក្រុង Brovary, Igor Sapozhko បាននិយាយថា “ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនត្រូវបានវាយប្រហារ” នៅព្រឹកព្រលឹមថ្ងៃអាទិត្យ។ អ្នកកាសែត AFP នៅទីក្រុង Brovary មិនបានឃើញសញ្ញានៃការបំផ្លិចបំផ្លាញ ផ្សែង ឬភ្លើងទេ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រុស្ស៊ីបានធ្វើការវាយប្រហារជាច្រើនលើរោងចក្រយោធានៅក្នុង និងក្រៅទីក្រុងគៀវ។ កាលពីខែមុន រុស្ស៊ីបាននិយាយថា ខ្លួនកំពុងដកទ័ពចេញពីភាគខាងជើងអ៊ុយក្រែន រួមទាំងពីជុំវិញរដ្ឋធានី ដើម្បីផ្តោតលើការដណ្តើមបានការគ្រប់គ្រងនៃតំបន់ Donbas ភាគខាងកើតវិញ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top