គៀវ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ថា អ៊ុយក្រែនបានស្នើកិច្ចពិភាក្សា ជាមួយទីក្រុងម៉ូស្គូ ជុំវិញការជម្លៀសកងទ័ព និងជនស៊ីវិលចេញពីទីក្រុង Mariupol បន្ទាប់ពីឱសានវាទ នៃការចុះចាញ់ ឬស្លាប់របស់រុស្ស៊ី បានផុតកំណត់ កាលពីថ្ងៃពុធ ដោយបន្សល់ទុកមនុស្ស ជាច្រើនជាប់គាំង នៅរោងចក្រផលិតដែក ដែលជាទីតាំងរឹងមាំចុង ក្រោយនៃការតស៊ូ ។
យោងតាមសាក្សី បានប្រាប់ ដល់ទីភ្នាក់ងារ Reuters បានឱ្យដឹងថា ជនស៊ីវិល២-៣នាក់ បានចាកចេញពីកំពង់ផែ ភាគអាគ្នេយ៍ ដ៏សំខាន់ជាយុទ្ធសាស្ត្រ នៅក្នុងក្បួនរថយន្តក្រុងតូចមួយ ដោយបានរត់គេចពីសមរភូមិដ៏ខ្លាំងក្លា នៃសង្រ្គាមរយៈពេលជិត៨ សប្តាហ៍ ។
មេបញ្ជាការកងទ័ពជើងទឹកអ៊ុយក្រែន លោក Serhiy Volny បានលើកឡើងថា យុទ្ធជននៅទីនោះ ប្រហែលជាមិនអាច ទប់ទល់បានយូរទេ ។ ប្រធានាធិបតី Volodymyr Zelenskyy បានថ្លែងថា ជនស៊ីវិលប្រហែល១.០០០នាក់ក៏កំពុងជ្រកកោន នៅកន្លែងធ្វើការផលិតដែកផងដែរ ។
អ្នកចរចា Mykhailo Podolyak បានសរសេរថា អ៊ុយក្រែនត្រៀម ខ្លួនរួចជាស្រេចសម្រាប់ “ជុំពិសេសនៃការចរចា” ដោយគ្មានលក្ខខណ្ឌ “ដើម្បីជួយសង្គ្រោះមនុស្សរបស់យើង Azov (កងវរសេនាតូច) យោធា ជនស៊ីវិល កុមារ អ្នកនៅរស់ និងរបួស” ។
ក្រុមអ្នកប្រយុទ្ធនៅតែជាប់គាំង នៅក្នុងរោងចក្រ ហើយមិនបានអើពើនឹងឱសានវាទ របស់រុស្ស៊ីក្នុងការចុះចាញ់។ លោក David Arakhamia អ្នកចរចាទី២ បានឲ្យដឹងនៅក្នុងការបង្ហោះ សារតាមអ៊ីនធឺរណេតថា គាត់និង Podolyak មានទំនាក់ទំនង ជាប្រចាំជាមួយកងកម្លាំង អ៊ុយក្រែន នៅក្នុងទីក្រុងនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា