បរទេស ៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានជំរុញឱ្យប្រទេសឥណ្ឌា ទម្លាក់ចោលការធ្វើ ពាណិជ្ជកម្មប្រេង និងឧស្ម័ន ជាមួយប្រទេសរុស្ស៊ី ដោយទទូចថា អាជីវកម្មបែបនេះ មិនមាន “និរន្តរភាព” ។ លោកស្រីបានថ្លែងបែបនេះ ក្នុងពេលនៅក្នុងប្រទេស អាស៊ីខាងត្បូងសម្រាប់ សន្និសីទពហុជាតិ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី von der Leyen បានទទូច ក្នុងអំឡុង សុន្ទរកថា កាលពីថ្ងៃអាទិត្យ នៅឯសម្ព័ន្ធពន្លឺព្រះអាទិត្យ អន្តរជាតិថា ការប្រយុទ្ធគ្នា ក្នុងប្រទេស អ៊ុយក្រែន ដែលមិនទាន់ បានហក់ចូលទៅក្នុងរដ្ឋសមាជិក សហភាពអឺរ៉ុបណាមួយនោះទេ មកទល់ពេលនេះ បង្កើតបានជា “ការកត់សម្គាល់យ៉ាងមុតមាំថា ការពឹងផ្អែករបស់យើងលើឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី គឺមិនមាននិរន្តរភាពទេ” ។
រហូតមកដល់ពេលនេះ ប្រទេសរុស្ស៊ីបានបង្ហាញឆន្ទៈ ក្នុងការបន្តបញ្ជូនថាមពលទៅកាន់ “បណ្តាប្រទេសដែលមិនរួសរាយរាក់ទាក់” ទោះបីជាខ្លួនទទូចថា ឧស្ម័នគឺត្រូវបង់ជាប្រាក់រូប្លិ៍ ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសមួយចំនួននៅអឺរ៉ុប និងសហរដ្ឋអាមេរិកបានអំពាវនាវ ឱ្យមានការដាក់ទណ្ឌកម្ម ថាមពលសរុប ។ ប្រទេសបដិសេធមួយចំនួន រួមទាំងអាល្លឺម៉ង់ និងអូទ្រីស បានព្រមានថា ការផ្តាច់ទ្វីបទាំងស្រុងពីថាមពលរុស្ស៊ីនៅចុងឆ្នាំនេះ គឺមិនអាចទៅរួចទេ ។
លោកស្រី von der Leyen បាននិយាយថា “អ្វីដែលកើតឡើងនៅអ៊ុយក្រែននឹងមានផលវិបាក” សម្រាប់ប្រទេស ឥណ្ឌា និងតំបន់ជុំវិញនោះ អ្នកស្រី von der Leyen បាននិយាយ ដោយបន្តប្រធានបទ ប្រឆាំងនឹងរុស្ស៊ី នៅក្នុងសុន្ទរកថា គន្លឹះរបស់លោកស្រី នៅឯសន្និសីទ Raisina Dialogue របស់ប្រទេសឥណ្ឌា ស្តីពីភូមិសាស្ត្រ នយោបាយ និងសេដ្ឋកិច្ចកាលពីថ្ងៃចន្ទ ហើយចង្អុលបង្ហាញ ពីការកើនឡើងនៃតម្លៃគ្រាប់ធញ្ញជាតិ ថាមពល និងជី ជាភស្តុតាងនៃសេចក្តីថ្លែងការណ៍ របស់លោកស្រី ៕
ប្រែសម្រួលៈ ណៃ តុលា