ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានជួបជាមួយលោក Guterres អគ្គលេខាធិការអង្គការ សហប្រជាជាតិ ដែលកំពុងបំពេញទស្សនកិច្ច នៅវិមានក្រឹមឡាំង កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែន។
លោក ពូ ទីន បានប្រាប់លោក Guterres ថាបញ្ហាអ៊ុយក្រែន បានកើតឡើងបន្ទាប់ពី “រដ្ឋប្រហារអធម្មនុញ្ញ ២០១៤” នៅទីក្រុងគៀវ ហើយប្រជាជននៅតំបន់ Donbass នៅតែស្ថិតក្រោមការរារាំង និងសម្ពាធយោធា សូម្បីតែបន្ទាប់ពីកិច្ចព្រមព្រៀង ទីក្រុង Minsk ស្តីពីដំណោះស្រាយសន្តិភាព ត្រូវបានសម្រេចក៏ដោយ។
ក្រុមប្រឹក្សាក្រុង Odesa បានឲ្យដឹងនៅលើ បណ្ដាញ Telegram ថា ការវាយប្រហារ ដោយកាំជ្រួចរបស់រុស្ស៊ី បានធ្វើឱ្យខូចខាត ដល់ស្ពានផ្លូវ-រថភ្លើងដ៏សំខាន់មួយ ឆ្លងកាត់ Dniester Estuary ក្នុងតំបន់ Odesa ភាគខាងត្បូង នៃប្រទេសអ៊ុយក្រែន។
ក្រុមប្រឹក្សាបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចលនាឆ្លងកាត់ស្ពាន ដែលតភ្ជាប់ស្រុក Bilhorod-Dnistrovskyi ជាមួយស្រុកផ្សេងទៀតនៃតំបន់ Odesa ត្រូវបានផ្អាកបន្ទាប់ ពីការវាយប្រហារ៕ ប្រែសម្រួល ឈូក បូរ៉ា