ព័ត៌មានអន្តរជាតិ

លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៥ឆ្នាំបន្ថែមទៀត បន្ទាប់ពីកាត់ទោសពីបទពុករលួយ

រ៉ង់ហ្គូន៖ យោងតាមក្រុមព័ត៌មានរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) បានឱ្យដឹងថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំបន្ថែមទៀតនៅថ្ងៃពុធនេះ បន្ទាប់ពីត្រូវបានរកឃើញថា មានពិរុទ្ធពីបទពុករលួយ។

ប្រធាន​ក្រុម​ព័ត៌មាន​លោក Zaw Min Tun បាន​ប្រាប់​ស៊ីនហួថា លោកស្រី​ត្រូវ​បាន​កាត់ទោស​ពី​បទ​ទទួល​យក​ដុំមាស និង​ការ​ទូទាត់​សាច់ប្រាក់​ពី​អតីត​រដ្ឋមន្ត្រី​តំបន់យ៉ាំងហ្គោនលោក Phyo Min Thein។

សំណុំរឿង​ប្រឆាំង​លោកស្រី អ៊ុងសាន ស៊ូជី តាម​មាត្រា ៥៥ នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​បាន​កាត់ទោស​ដោយ​មន្ត្រី​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំរួចមកហើយនៅក្នុងករណីផ្សេងទៀតនៅក្នុងសាលក្រមពីរដាច់ដោយឡែកពីគ្នា រួមទាំងការនាំចូលដោយខុសច្បាប់ និងកាន់កាប់ឧបករណ៍ walkie-talkies ការរំលោភលើការរឹតបន្តឹងនៃមេរោគឆ្លង និងការបះបោរ៕ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top