ឥណ្ឌា៖ការហាមប្រាមកម្មវិធីចិនដែលផ្តួចផ្តើមដោយរដ្ឋាភិបាលឥណ្ឌាកាលពីជិត២ ឆ្នាំមុនបានធ្វើឲ្យមានការភ្ញាក់ផ្អើលមួយសម្រាប់ Gauri ជាអ្នកបង្កើតមាតិកាមកពីទីក្រុង New Delhi នៅលើវេទិកាវីដេអូខ្លីដ៏ពេញនិយម TikTok ដោយបានបាត់បង់អ្នកតាមដានជាង ៦ លាននាក់ក្នុងពេលតែមួយយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។
នារីវ័យក្មេងដែលគ្រាន់តែចង់ឲ្យគេស្គាល់ដោយឈ្មោះដំបូងរបស់នាងបាននិយាយថា វាមិនងាយស្រួលទេក្នុងការឃើញកម្មវិធីនេះដំណើរការក្រៅបណ្តាញស្ទើរតែពេញមួយយប់។ វាពិតជាឈឺចាប់ខ្លាំងណាស់ ព្រោះវាត្រូវការការខិតខំជាច្រើនដើម្បីកសាងមូលដ្ឋានអ្នកដើរតាម។ សម្រាប់កម្មករជាច្រើនដូចជា Gauri TikTok ជាមុខរបរពេញម៉ោង។
ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយសង្គម កម្មវិធីនេះបានផ្តល់ជូនប្រជាជនជាច្រើនរស់នៅក្នុងទីក្រុងតូចៗនៅប្រទេសឥណ្ឌានូវវេទិកាមួយដើម្បីបង្ហាញពីទេពកោសល្យរបស់ពួកគេ។ Gauri បាននិយាយថា នេះជាមូលហេតុដែលខ្ញុំស្ទើរតែមិនជឿនៅពេលដែលខ្ញុំបានលឺពីការហាមឃាត់ ដោយបន្ថែមថា TikTok គឺជា “វេទិកាដ៏អស្ចារ្យ និងចម្រុះ” ។
សម្រាប់ Ravi ជាអ្នករាំមកពីគ្រួសារក្រីក្រនៅ Saharanpur ជាទីក្រុងតូចមួយក្នុងរដ្ឋ Uttar Pradesh TikTok គឺជាវិធីដ៏ល្អក្នុងការរកប្រាក់ចំណូលពីមូលដ្ឋានដែលមានអ្នកគាំទ្រ ៧ លាននាក់របស់លោក។ លោកក៏បានចាប់ដៃគូរសហការជាមួយម៉ាកក្នុងស្រុក និងជាតិនៅប្រទេសឥណ្ឌាផងដែរ៕ដោយ៖លី ភីលីព