ព័ត៌មានអន្តរជាតិ

អង់គ្លេស ពង្រាយទ័ពទ្រង់ទ្រាយធំបំផុតមួយ មិនធ្លាប់មាន តាំងពីសម័យសង្គ្រាមត្រជាក់ 

បរទេស៖ យោងតាមការប្រកាស ដោយក្រសួងការពារជាតិ របស់ចក្រភពអង់គ្លេស កាលពីថ្ងៃសុក្រម្សិលមិញបានឲ្យដឹងថា យោធារបស់អង់គ្លេសគឺបានត្រៀមខ្លួន រួចជាស្រេចទៅហើយក្នុងការដាក់ពង្រាយវត្តមាន របស់ខ្លួនក្នុងទំហំដ៏ធំបំផុត នៅក្នុងតំបន់អឺរ៉ុបនិងគឺជាទំហំ ដែលមិនធ្លាប់មានឡើយតាំងតែពីសម័យ សង្គ្រាមត្រជាក់មក។

ប្រភពដដែលបានបញ្ជាក់ទៀតថា យោធាអង់គ្លេសរាប់ពាន់នាក់នឹងត្រូវបញ្ចូនទៅកាន់ បណ្តាប្រទេសជាច្រើនចាប់រាប់ពី North Macedonia ទៅដល់ Finland ក្នុងរយៈពេលប៉ុន្មានខែខាងមុខដើម្បី

ចូលរួមជាមួយនឹងសមយុទ្ធយោធា ដ៏ធំមួយជាមួយនឹងណាតូនិងបណ្តាប្រទេសសម្ព័ន្ធមិត្ត មួយចំនួនទៀតផង។

គេជឿជាក់ថាការដាក់ពង្រាយទ័ពអង់គ្លេសនេះ នឹងអាចមានចំនួនកើនឡើងរហូតទៅដល់៨០០០នាក់ និងប្រព្រឹត្តទៅនៅចន្លោះពីខែមេសាដល់ខែមិថុនា ដែលក្នុងនោះមានរួមទាំងយោធារថក្រោះនិងរថយន្តយោធាជាច្រើន រយគ្រឿងទៀតដែលតាមផែនការវានឹងធ្វើដំណើរ ទៅដល់អឺរ៉ុបនៅរដូវក្តៅខាងមុខនេះ។

ក្រសួងការពារជាតិបានបញ្ជាក់ថា ផែនការពង្រាយទ័ពនេះគឺមានជាយូរមកហើយប៉ុន្តែក្រោយការលុកលុយ ដោយរុស្សីទៅលើប្រទេសអ៊ុយក្រែន ចំនួននេះត្រូវបានបង្កើនឡើងហើយសមយុទ្ធយោធា នេះគឺធ្វើឡើងដើម្បីបញ្ជាក់អំពីកម្លាំង និងប្រសិទ្ធភាពរបស់កងទ័ពអង់គ្លេស ជាពិសេសការចែករំលែក វិស័យការពារជាតិរបស់ខ្លួន ជាមួយនឹងអឺរ៉ុបផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top