តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងសមភាគីវៀតណាមលោក Pham Minh Chinh បានអះអាងពីការគោរពចំពោះអធិបតេយ្យភាពរបស់រដ្ឋ និងបានព្រមានប្រឆាំងនឹងការប្រើប្រាស់អាវុធប្រល័យលោក នៅពេលដែលសង្រ្គាមនៅអ៊ុយក្រែននៅតែបន្ត។

ទោះជាយ៉ាងណាក៏ដោយលោក Kishida និង Chinh មិនបានបង្ហាញពីការឈ្លានពានខាងយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយបន្ទាប់ពី កិច្ចប្រជុំរបស់ពួកគេនៅទីក្រុងហាណូយ ជាក់ស្តែងដោយគិតគូរពីទំនាក់ទំនងប្រពៃណីរបស់វៀតណាម ជាមួយរុស្ស៊ីតាំងពីសម័យសហភាពសូវៀត។
លោក Kishida បានលើកឡើងថា “យើងបានបញ្ជាក់ថា ប្រទេសនានាត្រូវតែគោរពតាមគោលការណ៍នៃការគោរពឯករាជ្យភាព និងអធិបតេយ្យភាពរបស់រដ្ឋ នៅក្នុងតំបន់ណាមួយ ការផ្លាស់ប្តូរស្ថានភាពដោយកម្លាំង គឺមិនអាចអត់ឱនឱ្យបានទេ”។
លោក Kishida បានបន្ដថា អ្នកទាំងពីរបានឯកភាពលើសារៈសំខាន់នៃបទ ឈប់បាញ់ភ្លាមៗនៅអ៊ុយក្រែន និងការផ្តល់ជំនួយមនុស្សធម៌ ខណៈដែលលោកបានសាទរ ចំពោះការសន្យារបស់លោក Chinh ក្នុងការផ្តល់ជំនួយមនុស្សធម៌ចំនួន ៥០ម៉ឺនដុល្លារដល់អ៊ុយក្រែនតាមរយៈអង្គការអន្តរជាតិ។
ជប៉ុន ក៏បានកត់សម្គាល់ការផ្តល់ជំនួយមនុស្សធម៌ជា លើកដំបូងរបស់វៀតណាម ដល់អ៊ុយក្រែន។លោក Kishida ក៏បានឲ្យដឹងផងដែរថា មេដឹកនាំទាំងពីរបានអះអាងថា ពួកគេ “ប្រឆាំងយ៉ាងខ្លាំងចំពោះការគំរាមកំហែង និងការប្រើប្រាស់អាវុធប្រល័យលោក និងការវាយប្រហារលើជនស៊ីវិល”។

កាលពីសប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានអំពីលទ្ធភាពនៃការវាយប្រហារសង សឹក “លឿនដូចផ្លេកបន្ទោរ” ប្រសិនបើប្រទេសទីបី ធ្វើអន្តរាគមន៍ក្នុងប្រតិបត្តិការយោធានៅអ៊ុយក្រែន និងបង្កការគំរាមកំហែងដល់ប្រទេសរុស្ស៊ី៕
ប្រែសម្រួល ឈូក បូរ៉ា
