អស់រយៈពេលជិត៣ឆ្នាំហើយ ដែលសោកនាដកម្មឆេះព្រះវិហារ Notre Dame នៅទីក្រុងប៉ារីសដ៏ល្បីល្បាញ របស់បារាំងបានកន្លងផុតទៅ បន្សល់ទុកនូវការសោកស្ដាយ ពីសំណាក់ក្រុមអភិរក្សសំណង់បុរាណ និងប្រជាជនជុំវិញពិភពលោក។
Notre-Dame ជាសំណង់ព្រះវិហារកាតូលិកដ៏សំខាន់ និងជាបេតិកភណ្ឌមួយរបស់បារាំង ត្រូវបានសាងសង់ឡើងដំបូងតាំងពីឆ្នាំ១១៦៣ នៃសតវត្សទី១២ ពោលគឺប្រហាក់ប្រហែលគ្នា នឹងមហាសំណង់ប្រាសាទអង្គរវត្តរបស់កម្ពុជាដែរ។ យ៉ាងណា ការងារជួសជុលអភិរក្សរបស់ព្រះវិហារនេះ បានប្រែក្លាយជាអគ្គីភ័យឆាបឆេះតួ ព្រះវិហារស្ទើរទាំងស្រុងកាលពីឆ្នាំ២០១៩។
បច្ចុប្បន្នក្រុមវិស្វករ និងជាងបានជួសជុល និងសាងសង់ឡើងវិញដោយសន្សឹមៗ ហើយកាលពីថ្ងៃម្សិលមិញ មន្ត្រីនៃប្រទេសបារាំងបានឲ្យដឹងថា ជាងទើបតែអាចយកដែករលាយចូលគ្នាដោយសារភ្លើងឆេះចេញពីទីនោះប៉ុណ្ណោះ។ ដំណាក់កាលនេះត្រូវបានមន្ត្រីជំនាញ ហៅថាជាការប្រថុយប្រថាន បំផុតសម្រាប់ការងារស្ដារឡើងវិញ ដោយដែករលាយបញ្ចូលគ្នាមានទម្ងន់ជាង៤០តោន ហើយត្រូវយកចេញដោយ មិនឲ្យខូចជញ្ជាំងថ្មកំបោរទៀតទេ ៕ ប្រភព៖ Sabay