ព័ត៌មានអន្តរជាតិ

សមាជិកសភា អាមេរិកម្នាក់ សន្យាថា នឹងបញ្ចុះបញ្ចូល អាមេរិក ឲ្យបញ្ជូនយោធា ផ្ទាល់ទៅកាន់អ៊ុយក្រែន

បរទេស ៖ សមាជិកសភា តំណាង មកពីរដ្ឋ Illionis លោក Adam Kinzinger មកពីគណបក្ស សាធារណៈបានប្រកាស កាលពីថ្ងៃអាទិត្យម្សិលមិញថា លោកនឹងធ្វើការណែនាំនូវ ដំណោះស្រាយថ្មីមួយ តាមរយៈការប្រើប្រាស់ កងកម្លាំងយោធាអាមេរិក ប្រសិនបើរុស្សី នឹងធ្វើការដាក់ពង្រាយអាវុធ ដែលមានលក្ខណៈបំផ្លិចបំផ្លាញខ្លាំង ដូចជាអាវុធគីមី ឬអាវុធនុយក្លេអ៊ែរ ជាដើមនៅក្នុងប្រទេស អ៊ុយក្រែន។

គួរឲ្យដឹងដែរថា លោក Kinzinger គឺជាបុគ្គល ដែលនៅតែបន្តក្នុងការជម្រុញ ឲ្យអាមេរិក ក្នុងការ ចូលរួមពាក់ព័ន្ធជាមួយ នឹងសង្គ្រាមនៅអ៊ុយក្រែន ហើយក៏ជាអ្នកតែងតែគាំទ្រ ជានិច្ច ចំពោះការសម្រេចចិត្តនានា របស់លោកប្រធានាធិបតី អាមេរិក Joe Biden ដែលកន្លងមក តែងតែទទួលរងនូវពាក្យរិះគន់ថា នឹងអាចបណ្តាឲ្យសង្គ្រាមនេះ ក្លាយជាសង្គ្រាមលោកលើកទី៣ ។

ដំណោះស្រាយ របស់លោក Kinzinger មានន័យថា នឹងអាចអនុញ្ញាតិឲ្យសភា យល់ព្រមជាមួយនឹងប្រធានាធិបតី ក្នុងការប្រើប្រាស់កងកម្លាំងយោធា អាមេរិកជាជំនួយ ទៅកាន់ប្រទេស អ៊ុយក្រែន ឆ្លើយតបដោយផ្ទាល់ ជាមួយនឹងការ ប្រើប្រាស់អាវុធ បែបបំផ្លិចបំផ្លាញ ខ្លាំងដោយរុស្សី។

គួរឲ្យដឹងដែរថា គំនិតនេះកន្លងមកក៏ត្រូវ បានប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky ធ្លាប់បានដាក់សំណើរ សុំពីសហរដ្ឋអាមេរិកផងដែរ ប៉ុន្តែត្រូវបានប្រធានាធិបតីលោក Joe Biden ធ្វើការបដិសេធ ដោយលោកបានលើកឡើងថា បើធ្វើបែបនេះនឹងអាចនាំឲ្យកើត ចេញជាសង្គ្រាមលោកទី៣ ជាមិនខាន ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top