ព័ត៌មានអន្តរជាតិ

លោក ពូទីន និងនាយករដ្ឋមន្រ្តី អ៊ីស្រាអែល ជួបពិភាក្សាគ្នា ជុំវិញវិបត្ដិនៅអ៊ុយក្រែន

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបសន្ទនាគ្នាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីស្ថានភាពអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

វិមានក្រឹមឡាំងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំបានយកចិត្តទុកដាក់ ជាពិសេស ចំពោះបញ្ហាមនុស្សធម៌ រួមទាំងការជម្លៀសជនស៊ីវិល ដែលកាន់កាប់ដោយក្រុមសកម្មប្រយុទ្ធ នៃកងវរសេនាតូចជាតិ និយមចេញពីរោងចក្រដែក Azovstal ។

លោកពូទីនបានលើកឡើងថា យោធារុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធានាការចាកចេញ ប្រកបដោយសុវត្ថិភាពរបស់ជនស៊ីវិល។ លោកពូទីនបានបន្ដថាអាជ្ញាធរក្រុងគៀវគួរតែបញ្ជាឱ្យពួកសកម្មប្រយុទ្ធ ដែលនៅសេសសល់ នៅរោងចក្រ Azovstal បញ្ឈប់អាវុធ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “នៅមុនថ្ងៃនៃទិវាជ័យជំនះ ក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យ ដែលរុស្ស៊ី និងអ៊ីស្រាអែលប្រារព្ធនៅថ្ងៃទី 9 ខែឧសភា លោក ពូទីន និង Bennett បានសង្កត់ធ្ងន់លើសារៈសំខាន់ពិសេស នៃកាលបរិច្ឆេទនេះសម្រាប់ប្រជាជននៃប្រទេសទាំងពីរ”៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top