ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិតធ្ងន់៦,៨រ៉ិចទ័រ វាយប្រហារភាគខាងជើង នៃប្រទេសឈីលី

សាន់ទីយ៉ាហ្គោ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ថា គ្រោះរញ្ជួយដី មួយកម្រិត៦,៨រ៉ិចទ័រ បានវាយប្រហារ នៅភាគខាងជើង តំបន់ Antofagasta របស់ប្រទេសឈីលីនៅម៉ោង ៧និង០៦នាទីយប់ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២៣និង០៦នាទី ម៉ោងសកល នៅថ្ងៃអង្គារ ដោយមិនមានការរាយការណ៍ អំពីអ្នកស្លាប់ និង ការខូចខាតសម្ភារៈ រហូតមកដល់ពេលនេះ ។ នេះបើយោងតាមមជ្ឈមណ្ឌលជាតិ រញ្ជួយដីនៃសាកលវិទ្យាល័យ ឈីលី បានបញ្ជាក់ដូច្នេះ ។

ចំណុចកណ្តាល នៃគ្រោះរញ្ជួយដីស្ថិតនៅចម្ងាយ៧០គីឡូម៉ែត្រ ភាគខាងកើតនៃទីក្រុង Socaire ជាង១.៦០០គីឡូម៉ែត្រភាគខាងជើងនៃរដ្ឋធានី សាន់ទីយ៉ាហ្គោ របស់ប្រទេសនេះ ដែលមានជម្រៅ២៤៨គីឡូម៉ែត្រ ។

តំបន់ជុំវិញមានអារម្មណ៍ថា មានការរញ្ជួយដីក្នុងកម្រិតផ្សេងៗគ្នា ។ នៅក្នុងការបង្ហោះតាមបណ្តាញ សង្គម Twitter ការិយាល័យសង្គ្រោះជាតិ របស់ក្រសួងមហាផ្ទៃបានច្រានចោលលទ្ធភាព នៃរលកយក្សស៊ូណាមិ នៅតាមឆ្នេរសមុទ្រឈីលី ។

មានទីតាំងនៅលើដែលគេហៅថា រង្វង់នៃអគ្គីនៅប៉ាស៊ីហ្វិក ប្រទេស ឈីលី ត្រូវបានគេចាត់ទុកថា ជាប្រទេសមួយក្នុងចំណោម ប្រទេសដែលមានរញ្ជួយដីខ្លាំងបំផុត នៅលើភពផែនដីយើងនេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top