ហាវស្តុន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ថា ភ្លើងឆេះព្រៃដែលចាប់ផ្តើមជាង១ខែកន្លងទៅនេះ នៅតែបន្តឆេះនៅក្នុងរដ្ឋតំបន់ភ្នំ ភាគនីរតី នៃរដ្ឋ New Mexico របស់សហរដ្ឋអាមេរិក គិតត្រឹមថ្ងៃអង្គារ ដោយបានគំរាមកំហែង ដល់សហគមន៍ ជាច្រើនទៀតនៅតំបន់ជើងភ្នំ Rocky ខណៈដែលបង្ខំឱ្យសាលារៀន ក្នុងស្រុកមួយចំនួនបិទដំណើរការ ។
យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឱ្យដឹងថា ភ្លើងឆេះព្រៃបានឆេះជាង៣១៨ម៉ាយការ៉េស្មើ នឹង៨២៤គីឡូម៉ែត្រក្រឡានៃព្រៃឈើ នៅទូទាំងរដ្ឋ ដោយបានបំផ្លាញរចនាសម្ព័ន្ធប្រហែល៣០០កន្លែង ។
របាយការណ៍បានដាក់ថា នៅភាគខាងជើងនៃរដ្ឋ New Mexico មន្ត្រីនៅមន្ទីរពិសោធន៍ជាតិ Los Alamos និងអ្នកស្រុកនៅក្នុងទីក្រុងក្បែរនោះ ត្រូវបានរៀបចំដើម្បីជម្លៀសចេញ ប្រសិនបើភ្លើងឆេះព្រៃ នៅទីនោះរំកិលមកជិតនោះ ។
របាយការណ៍របស់ ABC News បានឲ្យដឹងកាលពីថ្ងៃអង្គារថា ការចំណាយលើការ ប្រយុទ្ធនឹងភ្លើងឆេះ និងភ្លើងឆេះមួយទៀត ដែលឆេះនៅជិតមន្ទីរពិសោធន៍ជាតិ Los Alamos បានកើនឡើងដល់៦៥លានដុល្លារអាមេរិក គិតរហូតមកដល់ពេលនេះ ។
របាយការណ៍បានដាក់ថា អ្នកពន្លត់អគ្គីភ័យ និងបុគ្គលិកគាំទ្រជិត១.៨០០នាក់ត្រូវបានចាត់តាំងដើម្បីពន្លត់អគ្គិភ័យនេះ ។
លោកស្រី Michelle Lujan Grisham អភិបាលរដ្ឋ បានថ្លែងនៅក្នុងសន្និសីទ ខ្លីមួយកាលពីថ្ងៃអង្គារថា លោកស្រីមិន បានទទួលរបាយការណ៍ណាមួយ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះនៃការខូចខាតផ្ទះសម្បែងទ្រង់ទ្រាយធំនោះទេ ប៉ុន្តែជឿថា ហានិភ័យនៃការបំផ្លិចបំផ្លាញកាន់តែច្រើនឡើងគឺខ្ពស់បំផុត ។
សេវាអាកាសធាតុជាតិ របស់សហរដ្ឋអាមេរិក បានចេញការព្រមានសញ្ញាក្រហមសម្រាប់គ្រោះថ្នាក់ភ្លើងឆេះខ្លាំងនៅក្នុងរដ្ឋ New Mexico និងផ្នែកខ្លះនៃរដ្ឋ Nevada, Arizona, Colorado និង Texas នៅងសប្តាហ៍នេះ ។
រដូវកាលនៃភ្លើងឆេះព្រៃ នៅក្នុងតំបន់ជាធម្មតាចាប់ផ្តើមនៅខែឧសភា ឬខែមិថុនា ប៉ុន្តែឆ្នាំនេះមានគ្រោះថ្នាក់ខ្លាំង។ អ្នកឧតុនិយមប្រចាំទូរទស្សន៍ CNN លោកស្រី Monica Garrett បានលើកឡើង កាលពីខែមុនដោយកត់សម្គាល់ថា រដ្ឋ New Mexico ក្នុងខែមេសាបានឃើញ សកម្មភាពភ្លើងឆេះប្រចាំ ឆ្នាំរួចទៅហើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា