ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង ច្រានចោលការអះអាង របស់ចារកម្ម កំពូលអាមេរិក ចំពោះផែនការដាក់ច្បាប់អាជ្ញាសឹក

បរទេស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយ កាលពីថ្ងៃពុធថា រដ្ឋាភិបាលទីក្រុងមូស្គូ មិនមានផែនការដាក់ច្បាប់ អាជ្ញាសឹកនៅក្នុងប្រទេស ចំពេលមានជម្លោះ ដែលកំពុងបន្តជាមួយអ៊ុយក្រែនទេ ។ លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធ ដោយច្រានចោលការអះអាងបែបនេះ ដែលធ្វើឡើងដោយចារបុរសកំពូល របស់សហរដ្ឋអាមេរិក ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Peskov បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅពេលសួរដើម្បីធ្វើអត្ថាធិប្បាយ លើសេចក្តីថ្លែងការណ៍ថ្មី ដោយនាយកទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់ជាតិអាមេរិក Avril Haines ថា “មិនមានផែនការបែបនេះទេ” ។ មន្ត្រីរូបនេះក៏បានជំរុញ ឱ្យអ្នកសារព័ត៌មាន និងសាធារណជន ស្តាប់លោកប្រធានាធិបតី រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដែលបាន “បញ្ជាក់ជាថ្មី និងថ្មីៗបំផុតថា ប្រតិបត្តិការយោធា ពិសេសកំពុងដំណើរ ការតាមការគ្រោងទុក” ។

សូមជម្រាបថា ចារកម្មកំពូល របស់អាមេរិក Haines បានចោទប្រកាន់ថា រដ្ឋាភិបាលទីក្រុងមូស្គូ អាចដាក់ច្បាប់អាជ្ញាសឹកនៅក្នុងប្រទេស ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែង របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ។ លោក Haines ក៏បានអះអាងផងដែរថា “គោលបំណងរបស់ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន គឺ ធំជាងអ្វី ដែលរុស្ស៊ីមានសមត្ថភាពខាងផ្នែកយោធា” ហើយស្ថានភាពទំនងជា “មិនអាចទាយទុកជាមុនបាន និងអាចកើនឡើង នៅក្នុងប៉ុន្មានខែខាងមុខនេះ” ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top