វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ថា លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងលោក Sergey Shoigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃសុក្រ ដែលជាការហៅទូរស័ព្ទលើកដំបូងរវាង អ្នកទាំង២ចាប់តាំងពីរុស្ស៊ី ចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ។
លោក John Kirby លេខាធិការសារព័ត៌មានមន្ទីរបញ្ចកោណ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ បន្ទាប់ពីការហៅទូរស័ព្ទថា លោក Austin “ បានជំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់ ក្នុងប្រទេសអ៊ុយក្រែន ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាខ្សែទំនាក់ទំនង” ។
លោក Kirby បានឲ្យដឹងថា ពេលចុងក្រោយដែល Austin និង Shoigu និយាយជាមួយគ្នា គឺនៅថ្ងៃទី១៨ ខែកុម្ភៈ ។
លោក Mark Milley អគ្គសេនាធិការចម្រុះរបស់សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងទាក់ទង ទៅសមភាគីរុស្ស៊ីរបស់គាត់គឺលោក Valery Gerasimov ដើម្បីស្នើសុំការហៅទូរស័ព្ទ នេះបើយោងតាមរបាយការណ៍ របស់ទូរទស្សន៍ CNN ដែលដកស្រង់សម្តីមន្ត្រីការពារជាតិអាមេរិក ។ អ្នកទាំង២បានជួបសន្ទនាគ្នា ជាលើកចុងក្រោយនៅថ្ងៃទី១១ ខែកុម្ភៈ ។
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា លោក Shoigu និងលោក Austin បានពិភាក្សាគ្នាអំពីបញ្ហា សន្តិសុខអន្តរជាតិ រួមទាំងស្ថានភាពនៅអ៊ុយក្រែនផងដែរ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា