ព័ត៌មានអន្តរជាតិ

Update៖ លោក ពូទីន ថ្លែងថា នឹងឆ្លើយតប ប្រសិនបើអង្គការ NATO នឹងដាក់ពង្រាយយោធា លើកទឹកដីហ្វ្រាំងឡង់ និងស៊ុយអែត

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងកាលពីថ្ងៃចន្ទថា ទីក្រុងម៉ូស្គូនឹងឆ្លើយតប ប្រសិនបើអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នឹងដាក់ពង្រាយហេដ្ឋារចនាសម្ព័ន្ធយោធា នៅលើទឹកដីនៃប្រទេសហ្វាំងឡង់ ឬស៊ុយអែត ។

វិមានក្រឹមឡាំង បានដកស្រង់សម្តីប្រធានាធិបតី ដែលបានថ្លែងនៅឯកិច្ចប្រជុំកំពូល នៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព នៅទីក្រុងម៉ូស្គូថា “ការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា ទៅក្នុងទឹកដីទាំងនេះ ពិតជានឹងបង្កឱ្យមានការឆ្លើយតប របស់យើង ដែលនឹងអាស្រ័យលើប្រភេទ នៃការគំរាមកំហែងនេះ នឹងបង្កឡើងសម្រាប់យើង” ។

លោក ពូទីន បានបន្ថែមថា បញ្ហានៃការពង្រីក NATO គឺភាគច្រើនជាសិប្បនិម្មិត ហើយកំពុងត្រូវបានប្រើប្រាស់ ដោយសហរដ្ឋអាមេរិក ជាឧបករណ៍គោលនយោបាយការបរទេស ។

លោក ពូទីន បានថ្លែងថា “NATO កំពុងត្រូវបានប្រើប្រាស់ជាឧបករណ៍ គោលនយោបាយការបរទេស ដោយប្រទេសមួយ ហើយនេះត្រូវបានធ្វើយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយជំនាញ និងខ្លាំងក្លា” ដោយបានចង្អុលបង្ហាញបន្ថែមទៀតថា ស្ថានភាពនេះមានឥទ្ធិពលអាក្រក់ ទៅលើសន្តិសុខអន្តរជាតិ ។

គួរបញ្ជាក់ថា ទាំងប្រទេសហ្វាំងឡង់ និងស៊ុយអែត បានប្រកាសការសម្រេចចិត្ត ដើម្បីដាក់ពាក្យសុំចូលជាសមាជិក NATO ។

កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីហ្វាំងឡង់ និងគណៈកម្មាធិការ គោលនយោបាយការបរទេស របស់រដ្ឋាភិបាលបានសម្រេចចិត្តជាផ្លូវការ ដើម្បីចាប់ផ្តើមដំណើរការ នៃការដាក់ពាក្យសុំចូលជាសមាជិកណាតូ របស់ប្រទេសនេះ ។ នាយករដ្ឋមន្ត្រីស៊ុយអែត Magdalena Andersson បានប្រកាសកាលពីថ្ងៃចន្ទ ពីការសម្រេចចិត្តជាផ្លូវការ ដើម្បីចាប់ផ្តើមដំណើរការ នៃការដាក់ពាក្យសុំចូលជាសមាជិក NATO ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top