គិតត្រឹមល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ ប្រទេសកូរ៉េខាងជើង បានបានប្រកាសរកឃើញអ្នក ឆ្លងជំងឺកូវីដ-១៩សរុបរហូតទៅដល់ចំនួន ១,៤៨០,០៦០នាក់ ខណ:អ្នកស្លាប់បាត់បង់ជីវិតវិញបានកើនឡើង ដល់ចំនួន៥៦នាក់ ទាំងដែលប្រទេសផ្តាច់ការមួយនេះមិនទាន់មានវ៉ាក់សាំង បម្រុងណាមួយចាក់ឲ្យប្រជាជនទាល់តែសោះ ។ នេះបើយោងទៅតាមការចេញផ្សាយដោយ សារព័ត៌មាន NDTV ។
មកទល់ពេលនេះស្ថានភាព ការឆ្លងរីករាលដាលកូវីដ១៩ នៅក្នុងប្រទេសកូរ៉េខាងជើង កាន់តែអាក្រក់ឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយមេដឹកនាំផ្តាច់ការលោកគីម ជុងអ៊ុន ប្រកាសរកឃើញ អ្នកឆ្លងជំងឺនេះ ជាលើកដំបូងកាលពីថ្ងៃទី១២ និងបានសម្រេចដាក់ចេញវិធានការបន្ទាន់បិទខ្ទប់ប្រទេសដោយ ហាមឃាត់នូវរាល់ការជួបជុំ នានា មិនឲ្យមានភ្ញៀវទេសចរ ឬការនាំទំនិញចេញចូលប្រទេសនោះឡើយ៕
សូមជម្រាបថា កន្លងមកប្រទេសផ្តាច់ការនេះ បានបដិសេធម្តងហើយម្តងទៀត ដោយមិនព្រមទទួលយកជំនួយវ៉ាក់សាំងពីសហគមន៍អន្តរជាតិចាក់ឲ្យប្រជាជនខ្លួននោះឡើយ ខណ:សហរដ្ឋអាមេរិកផ្ទាល់ កាលពីពេលកន្លងទៅក៏បានលើកឡើងដែលថា មិនទាន់មានគម្រោងផ្តល់វ៉ាក់សាំងដល់កូរ៉េខាងជើងទេ ប៉ុន្តែខាងរុស្ស៊ីកំពុងតែពិចារណា ផ្គត់ផ្គង់វ៉ាក់សាំងទៅឲ្យប្រទេសកូរ៉េខាងជើងផងដែរ ប្រសិនបើមានការស្នើសុំណាមួយពីលោក គីម ជុងអ៊ុន។ Source: Sabay



