ព័ត៌មានអន្តរជាតិ

Update៖ មេដឹកនាំកូរ៉េខាងត្បូង និងប្រធានាធិបតី ចូ បៃដិន ជួបប្រជុំកំពូលជាមួយគ្នា ជាលើកដំបូងនៅសេអ៊ូល

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ថា លោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង លោក និងលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ បានបើកកិច្ចចរចាកំពូលជាលើកដំបូងរបស់ពួកគាត់នៅក្នុងទីក្រុងសេអ៊ូល ។

កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងនៅក្នុងការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង នៅសង្កាត់ Yongsan កណ្តាលទីក្រុងសេអ៊ូល ដែលប្រធានាធិបតី Yoon បានផ្លាស់ប្តូរទីតាំងការិយាល័យប្រធានាធិបតីពីវិមានខៀវ នៅគ្រាដែលគាត់ត្រូវបានសម្ពោធនៅថ្ងៃទី១០ ខែឧសភា ។

យោងតាមសេចក្តីថ្លែងការណ៍រួម ប្រធានាធិបតីទាំង២បានចែករំលែកទស្សនៈថា សម្ព័ន្ធភាពបានរីកចម្រើនទៅជាទំនាក់ទំនងយុទ្ធសាស្ត្រដ៏ស៊ីជម្រៅ និងទូលំទូលាយ ។

ប្រធានាធិបតីទាំង២បានសន្យាថា នឹងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាសំខាន់ៗ និងដែលកំពុងរីកចម្រើន រួមទាំងឧបករណ៍អេឡិចត្រូនិក អាគុយរថយន្តអគ្គិសនីដែលមិនប៉ះពាល់ដល់បរិស្ថាន បញ្ញាសិប្បនិមិត្ត បច្ចេកវិជ្ជា quantum ជីវបច្ចេកវិទ្យា និងមនុស្សយន្តស្វយ័ត ព្រមទាំងសន្តិសុខតាមអ៊ីនធឺណេតទៀតផង ។

លោក Yoon និងលោក បៃដិន បានទទួលស្គាល់សក្តានុពលដែលកំពុងកើនឡើងសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងឧស្សាហកម្មការពារជាតិ ដោយយល់ព្រមពង្រឹងភាពជាដៃគូក្នុងវិស័យដូចជា ខ្សែសង្វាក់ផ្គត់ផ្គង់វិស័យការពារជាតិ ការអភិវឌ្ឍន៍រួមគ្នា និងការផលិត ។

លោកទាំង២បានឯកភាពជំរុញការស្រាវជ្រាវរួមគ្នាក្នុងការរុករកអវកាស និងបានសន្យាគាំទ្រក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងពហុភាគីដើម្បីការពារ រៀបចំ និងឆ្លើយតបទៅនឹងការគំរាមកំហែងនៃជំងឺឆ្លង ។

គួរបញ្ជាក់ថា លោក បៃដិន បានមកដល់ទីនេះកាលពីថ្ងៃសុក្រសម្រាប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ ។ ប្រធានាធិបតីសហរដ្ឋអាមេរិក បានអញ្ជើញលោក Yoon ទៅទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនក្នុងគ្រាដែលផ្តល់ភាពងាយស្រួលនឹងគ្នាទៅវិញទៅមក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top