បរទេស៖ យោងតាមការចេញផ្សយរបស់ទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា នៅតំបន់មួយចំនួន របស់ប្រទេសអេស្បាញ កំពុងទទួលរងនូវការកើនឡើងកំដៅយ៉ាងខ្លាំងក្លា សម្រាប់ក្នុងខែឧសភានេះ ទៅដល់៤០,៣អង្សា។
ប្រភពដដែលបានបន្តទៀតថា គិតត្រឹមល្ងាចថ្ងៃអាទិត្យម្សិលមិញនេះដែរ ទីភ្នាក់ងារជាតិកិច្ចការងារអាកាសធាតុឬ AEMET បានព្រមានថាកំដៅដ៏ខ្ពស់ នឹងអាចកើតមានឡើងនៅក្នុងតំបន់ធំៗ ក្នុងប្រទេសចំនួន១៧ផ្សេងទៀត។
ពលរដ្ឋអេស្បាញភាគច្រើន នៅក្នុងតំបន់ភាគខាងត្បូង នៃប្រទេសកំពុងទទួលរង នូវផលប៉ះពាល់នេះយ៉ាងខ្លាំង គិតត្រឹមល្ងាចថ្ងៃអាទិត្យ ខណៈដែលនៅទីក្រុង Jaen ក្នុងតំបន់ Andalucia សីតណ្ហភាព របស់ទីក្រុងបានកើនឡើង ដល់ទៅ៤០,៣អង្សា រួចទៅហើយតាំងតែពីថ្ងៃសុក្រ។
AEMET បានចេញសេចក្តីថ្លែងការណ៍ថា ករណីនៃទីក្រុង Jaen ឆ្នាំនេះគឺជាសីតណ្ហភាពដ៏ខ្ពស់បំផុត មិនធ្លាប់មានឡើយធៀប ទៅនឹងសីតណ្ហភាព ជាមធ្យមជារៀងរាល់ឆ្នាំពោល គឺមានការកើនឡើងខ្ពស់ ជាងដល់ទៅ១៦អង្សា៕ ប្រែសម្រួល៖ស៊ុនលី
