អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ថា ប៉ូលិសតួកគីបានឃាត់ខ្លួន ជនជាតិបរទេសម្នាក់ ដែលសង្ស័យថា បានរៀបចំផែនការ វាយប្រហារដោយគ្រាប់បែកអត្តឃាត នៅទីក្រុងអ៊ីស្តង់ប៊ុល ដែលជជាក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាម ហៅកាត់ថា (IS)។
គេហទំព័រព័ត៌មាន NTV បានរាយការណ៍ថា ការចាប់ខ្លួននេះបានធ្វើឡើង បន្ទាប់ពីប្រតិបត្តិការរបស់ប៉ូលិស បានចាប់ផ្តើមឡើង ដោយផ្អែកលើព័ត៌មានអំពីការវាយប្រហារ ដោយគ្រាប់បែកអត្តឃាតរបស់ IS ដែលបានគ្រោងទុក នៅក្នុងទីក្រុងដ៏ធំបំផុតរបស់ប្រទេសដែលមានប្រជាជន ជាង១៦លាននាក់ ។
ជនសង្ស័យត្រូវបានគេកំណត់ អត្តសញ្ញាណថា ឈ្មោះ Anas Abbud Alsahi Bnaman ត្រូវបានចាប់ខ្លួននៅសង្កាត់ Kucukcekmece មកពីអឺរ៉ុប ដែលសញ្ជាតិរបស់គាត់ មិនត្រូវបានបង្ហាញភ្លាមៗនោះទេ ។
ក្រុមប៉ូលិសក៏បានរឹបអូសសម្ភារៈឌីជីថលផងដែរ ក្នុងអំឡុងពេលឆ្មក់ចូលឃាត់ខ្លួន ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មកទល់ពេលនេះ កងកម្លាំងសន្តិសុខតួកគី បានរារាំងការវាយប្រហារដោយគ្រាប់បែកអត្តឃាតរបស់ IS ចំនួន១២លើក នៅក្នុងប្រតិបត្តិការនៅក្នុងឆ្នាំនេះ ។
គួររំលឹកថា ប្រទេសតួកគីបានទទួលរងការវាយប្រហារ ជាបន្តបន្ទាប់ដោយក្រុម IS រួមទាំងការបំផ្ទុះគ្រាប់បែកអត្តឃាត ការវាយប្រហារដោយគ្រាប់បែក និងការវាយប្រហារដោយប្រដាប់អាវុធ ចាប់តាំងពីឆ្នាំ២០១៥ ដែលក្នុងនោះមនុស្ស ជាង៣០០នាក់ត្រូវបានសម្លាប់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា