ព័ត៌មានអន្តរជាតិ

Samsung បោះទុនទឹកប្រាក់ ៣៥៦ពាន់លានដុល្លារ ព្រមទាំងផ្តល់ ការងារថ្មី ៨0,000កន្លែង

សេអ៊ូល ៖ ក្រុមហ៊ុន Samsung Group បានបង្ហាញផែនការ វិនិយោគដ៏ធំ ដែលមានចំនួនទឹកប្រាក់ ៣៥៦ ពាន់លានដុល្លារសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខមានបំណង ធ្វើឲ្យវាក្លាយជាក្រុមហ៊ុន នាំមុខគេក្នុងវិស័យជាច្រើន ចាប់ពីសារធាតុផ្សំដល់ ជីវសាស្រ្តយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

តួលេខថ្មីនេះគឺជាការកើនឡើង ជាងមួយភាគបីធៀបនឹងផែនការ មុនរបស់ខ្លួនបានប្រកាស កាលពីឆ្នាំមុន ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ជាក្រុមហ៊ុនធំជាងគេ របស់ កូរ៉េខាងត្បូង ហើយចំណូលសរុប របស់វាគឺស្មើនឹងមួយភាគប្រាំ នៃផលិតផលក្នុង ស្រុកសរុបរបស់ជាតិ ។

Samsung Electronics ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ស្មាតហ្វូន របស់ខ្លួន គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំបំផុត របស់ពិភពលោក។ Samsung បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា ផែនការវិនិយោគនឹងនាំមកនូវ កំណើនរយៈពេលវែង សម្រាប់អាជីវកម្ម ជាយុទ្ធសាស្រ្ត និងជួយពង្រឹងប្រព័ន្ធ អេកូឡូស៊ីឧស្សាហកម្មសកល នៃបច្ចេកវិទ្យាសំខាន់ៗ ។

វាក៏បានកត់សម្គាល់ថា ការវិនិយោគនឹង នាំមកនូវការផលិតបន្ទះសៀគ្វី ដ៏ធំដោយផ្អែកលើដំណើរការ 3-nanometer” ជាបច្ចេកវិទ្យាចុង ក្រោយបំផុត ដើម្បីកាត់បន្ថយទំហំរបស់សារធាតុផ្សំ និងបង្កើនថាមពលកុំព្យូទ័រ ។ វាក៏នឹងបណ្តាក់ទុនយ៉ាងច្រើន នៅក្នុងជីវឱសថ ជាមួយនឹងសាខា របស់ខ្លួន Samsung Biologics និង Samsung Bioepis នៅក្នុងវិស័យនេះ ។

ផែនការថ្មីតំណាង ឲ្យការកើនឡើង ៣៦ ភាគរយនៃការវិនិយោគលើគម្រោងផែនការ មុនរបស់ខ្លួន ដែលមានចំនួន ៣៣០ ពាន់ពាន់លានវ៉ុន បានប្រកាសកាលខែសីហា ។ ក្នុងចំណោម ៤៥០ ពាន់ពាន់លានវ៉ុន Samsung គ្រោងនឹងចំណាយរយៈពេល ៥ ឆ្នាំខាងមុខ វានឹងផ្តល់ប្រាក់ ៣៦០ពាន់លានវ៉ុន ដល់កូរ៉េខាងត្បូង ។

ការប្រកាសនេះធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានធ្វើទស្សនកិច្ចនៅរោងចក្រ Pyeongtaek semiconductor ដ៏ធំ របស់ក្រុមហ៊ុន Samsung Electronics កាលពីថ្ងៃសុក្រ ដោយបានគូសបញ្ជាក់ពីតួនាទី របស់ក្រុមហ៊ុនកូរ៉េខាងត្បូង ក្នុងការធានាខ្សែសង្វាក់ផ្គត់ផ្គង់ សកលនៃមីក្រូឈីប ក្នុងដំណើរទស្សនកិច្ចនៅអាស៊ីលើកដំបូង របស់លោកក្នុងនាមជា មេដឹកនាំសហរដ្ឋអាមេរិក ៕ដោយ៖លី ភីលីព

Most Popular

To Top