បរទេស ៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋាភិបាលឆេក បានបរិច្ចាគឧទ្ធម្ភាគចក្រ វាយប្រហារ ដែលផលិត ដោយសូវៀត ដល់ប្រទេសអ៊ុយក្រែន ហើយនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ នឹងបើកកន្លែងជួសជុលរបស់ខ្លួន ដល់រថពាសដែកទាំងមូល ដែលប្រើប្រាស់ ដោយកងកម្លាំង របស់ទីក្រុងគៀវ ។ ការបរិច្ចាគនេះ ដែលជាការកើនឡើងដ៏សំខាន់មួយ នៅក្នុងការចូលរួម របស់រដ្ឋាភិបាលទីក្រុង Prague ក្នុងប្រទេសអ៊ុយក្រែន ត្រូវបានធ្វើឡើងបន្ទាប់ពីការ ពិភាក្សាជាមួយសហរដ្ឋអាមេរិក ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែត Wall Street Journal បានរាយការណ៍ថា ឧទ្ធម្ភាគចក្រ ដែលបំពាក់កាំភ្លើងយន្ត Mi-24 សម័យទសវត្សរ៍ឆ្នាំ 1970 ត្រូវបានដាក់ពង្រាយ ទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានថ្លែងអំណរគុណដល់ទីក្រុង Prague សម្រាប់ការផ្តល់ឧទ្ធម្ភាគចក្រ បន្ទាប់ពីសន្និសីទមួយដែលមានគោលបំណងប្រមូលផ្តុំសម្ព័ន្ធមិត្តរបស់អាមេរិក ដើម្បីបំពាក់អាវុធដល់អ៊ុយក្រែន ។
សាធារណរដ្ឋឆេកបានប្រគល់រថពាសដែក និងអាវុធប្រឆាំងរថក្រោះ ដល់អ៊ុយក្រែនរួចហើយ ហើយរួមជាមួយស្លូវ៉ាគី បានជួសជុលរថពាសដែក ធុនស្រាល របស់អ៊ុយក្រែននៅក្នុងកន្លែង ជួសជុលរបស់ខ្លួន ។ ទោះជាយ៉ាងណាក៏ដោយ វានឹងពង្រីកសេវាកម្មនេះ ក្នុងពេលឆាប់ៗនេះ ដើម្បី “កែលម្អទំហំទាំងមូល នៃប្រភេទយានជំនិះ ដែលប្រើដោយកងកម្លាំងជើង គោករបស់ [អ៊ុយក្រែន]”៕
ប្រែសម្រួលៈ ណៃ តុលា