អង់ការ៉ា៖ តួកគី បានឲ្យដឹងថា ប្រតិបត្តិការយោធា ដែលបានធ្វើឡើងនៅព្រំដែន ភាគខាងត្បូងរបស់ខ្លួន គឺចាំបាច់សម្រាប់សន្តិសុខជាតិ ហើយមិនកំណត់គោលដៅ បូរណភាពទឹកដីនៃ ប្រទេសជិតខាងនោះទេ។
ក្រុមប្រឹក្សាសន្តិសុខជាតិតួកគី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រតិបត្តិការយោធាបច្ចុប្បន្ន និងអនាគតដែលត្រូវបានធ្វើឡើង នៅតាមព្រំដែនភាគខាងត្បូង របស់ប្រទេសតួកគីមិនកំណត់គោលដៅ បូរណភាពទឹកដីនៃប្រទេសជិតខាង របស់ខ្លួននោះទេ ប៉ុន្តែផ្តើមចេញពីតម្រូវការសន្តិសុខជាតិ ហើយនឹងរួមចំណែកដល់ សន្តិសុខរបស់ពួកគេផងដែរ” ។

សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពី កិច្ចប្រជុំក្រុមប្រឹក្សា រយៈពេល បីម៉ោង ដែលដឹកនាំដោយ ប្រធានាធិបតីតួគី Recep Tayyip Erdogan នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
កិច្ចប្រជុំដែលចូលរួមដោយរដ្ឋមន្ត្រី និងមេបញ្ជាការពាក់ព័ន្ធ បានពិភាក្សាអំពីប្រតិបត្តិការ និងការស៊ើបអង្កេតប្រឆាំងនឹង “ក្រុមភេរវករ” ដូចជាគណបក្សពលករឃឺដ (PKK) និងអង្គភាពការពារប្រជាជនឃឺដ (YPG) នៅក្នុងប្រទេសស៊ីរី។
កាលពីថ្ងៃច័ន្ទ លោក Erdogan បានលើកឡើងថា តួកគីនឹងចាប់ផ្តើមប្រតិបត្តិការយោធាថ្មីមួយ នៅភាគខាងជើងប្រទេសស៊ីរីឆាប់ៗនេះ។ ប្រតិបត្តិការនេះនឹងកំណត់គោលដៅតំបន់ ដែលនៅសល់នៃផែនការដែលយោធាតួកគី នឹងបង្កើត “តំបន់សុវត្ថិភាពនៅជម្រៅ ៣០គីឡូម៉ែត្រ” តាមបណ្តោយព្រំដែនភាគខាងត្បូង របស់ប្រទេសនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
