អង់គ្លេស ៖ នេះបើតាមការណែនាំថ្មី ចេញដោយអាជ្ញាធរ សុខាភិបាល បានប្រាប់ឲ្យដឹងថា លោកអ្នកដែលមានរោគសញ្ញា ជំងឺអុកស្វា មិនគួររួមភេទឡើយ ដើម្បីទប់ស្កាត់ ការរីករាលដាល នៃមេរោគនេះ ដល់ដៃគូរបស់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។
ការណែនាំនេះ ត្រូវបានចេញដោយទីភ្នាក់ងារ សន្តិសុខសុខភាព ចក្រភពអង់គ្លេស (UKHSA) និងអាជ្ញាធរ នៅប្រទេសស្កុតឡែន អៀរឡង់ខាងជើង និងវេលស៍ ក្នុងគោលបំណងទប់ស្កាត់ ការរីករាលដាល នៃមេរោគនេះ ខណៈករណីចំនួន៧១ ទៀតត្រូវបានកំណត់ អត្តសញ្ញាណ នៅចក្រភពអង់គ្លេស។
ចំនួនសរុបនៃករណី ដែលត្រូវបានបញ្ជាក់ នៅចក្រភពអង់គ្លេស ឥឡូវនេះមានចំនួន ១៧៩ ចាប់តាំងពីថ្ងៃទី ៧ ខែឧសភា ដោយមានករណីចំនួន ៤ត្រូវបានបញ្ជាក់នៅប្រទេសស្កុតឡែន ចំណែក២ករណី នៅអៀរឡង់ខាងជើង និងមួយករណីនៅវែល ។
នេះបើតាមសេចក្តីណែ នាំរួមថា អ្នកដែលមានជំងឺអុកស្វា ក៏ត្រូវបាន ជំរុញឲ្យជៀស វាងការប៉ះពាល់ជិតស្និទ្ធ ជាមួយអ្នកដ៏ទៃ រហូតដល់ដំបៅរបស់ពួកគេ បានជាសះស្បើយ ហើយស្នាមសង្វារបានស្ងួតអស់ ។ ពួកគេក៏គួរតែត្រូវប្រាកដថា ប្រើស្រោមអនាម័យរយៈពេលប្រាំបី សប្តាហ៍បន្ទាប់ពីការឆ្លង ។
អ្នកដែលមានទំនាក់ទំនង ជាមួយអ្នកមានជំងឺនេះ ក៏គួរតែត្រូវបានគេវាយតម្លៃ ហានិភ័យដែរ ហើយអាចត្រូវបានប្រាប់ ឲ្យនៅដាច់ដោយឡែក រយៈពេល ២១ ថ្ងៃប្រសិនបើចាំបាច់ ។ វាកើតឡើងនៅពេលអ្នកជំនាញ ខាងជំងឺអុកស្វា កំពូល របស់អង្គការសុខភាពពិភពលោក គឺលោកវេជ្ជបណ្ឌិត Rosamund Lewis បាននិយាយថា នាងមិនរំពឹងថា ករណីរាប់រយដែលត្រូវបាន រាយការណ៍នៅទូទាំងពិភពលោក រហូតមកដល់ពេលនេះប្រែទៅជាជំងឺ រាតត្បាតមួយផ្សេងទៀត នោះទេ ។
នៅកន្លែងផ្សេងទៀត អៀរឡង់ បានប្រកាសករណីដំបូងរបស់ខ្លួន កាលពីថ្ងៃសៅរ៍ ហើយការសង្ស័យថា មានការឆ្លងនៅទីនោះ កំពុងត្រូវបានស៊ើបអង្កេត។ UKHSA បាននិយាយថា ហានិភ័យ ចំពោះប្រជាជន នៅតែមានកម្រិតទាប ដោយសារតែមេរោគ ត្រូវបានបញ្ជូន តាមរយៈការទំនាក់ ទំនងរាងកាយជិតស្និទ្ធ មិនរីករាលដាល យ៉ាងងាយស្រួលនោះទេ ៕ ដោយ៖លី ភីលីព