បរទេស ៖ យោងតាមការបញ្ជាក់ អះអាងដោយអជ្ញាធរ នៃកោះតៃវ៉ាន់ កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា កងកម្លាំងយន្តហោះចម្បាំងតៃវ៉ាន់ បានបើកប្រតិបត្តិការ រំខានយន្តហោះចម្បាំង របស់រដ្ឋាភិបាលចិន ចំនួនដល់ ទៅ៣០គ្រឿង ដែលបានបើកហោះកាត់ ពីលើដែនអាកាសរបស់ខ្លួន។

ក្រសួងការពារជាតិ នៃកោះតៃវ៉ាន់ ក៏បានចេញមកធ្វើការអះអាង បញ្ជាក់ដែរថា ក្នុងចំណោមនោះគេសង្កេតឃើញថា យន្តហោះចម្បាំង សម្រាប់ប្រយុទ្ធ សរុបមាន២២ គ្រឿង ខណៈដែលយន្តហោះចម្បាំង ផ្សេងទៀត សុទ្ធតែ ជាយន្តហោះប្រើប្រាស់ ក្នុងមុខងារផ្សេងទៀត ក្នុងសង្គ្រាមដែរដូចជាយន្តហោះ សម្រាប់ប្រកាសអាសន្ន ព្រមទាំងយន្តហោះ សម្រាប់ប្រឆាំងនាវាចម្បាំងផង ។
គួរឲ្យដឹងដែរថា ហេតុការណ៍នេះ បានកើតឡើងនៅភាគខាងជើង នៃសមុទ្រចិនភាគខាងត្បូង ស្ថិតនៅចំងាយប្រមាណ ជា៤៥០គីឡូម៉ែត្រពីកោះតៃវ៉ាន់ ដោយក្នុងនោះក្រៅតែពីបញ្ជូន យន្តហោះ រារាំងកោះតៃវ៉ាន់ ក៏បានបើកប្រព័ន្ធការពារ ដែនអាកាស ត្រៀមរួចជាស្រេចផងដែរ ដើម្បីត្រួតពិនិត្យយន្តហោះទាំងនោះ ៕
ប្រែសម្រួល៖ស៊ុនលី
