ព័ត៌មានអន្តរជាតិ

G-7 សោកស្តាយយ៉ាងខ្លាំង ចំពោះការបរាជ័យរបស់អង្គការសហប្រជាជាតិ ក្នុងការអនុម័តទណ្ឌកម្មថ្មីលើ កូរ៉េខាងជើង

តូក្យូ៖ រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេសអភិវឌ្ឍន៍ធំៗទាំង៧ (G7) បានឲ្យដឹងនៅថ្ងៃចន្ទនេះថាពួកគេ “សោកស្តាយយ៉ាងខ្លាំង” ការបរាជ័យដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើកូរ៉េខាងជើងបន្ទាប់ពីការសាកល្បងកាំជ្រួចចុងក្រោយរបស់ខ្លួន ដោយបានស្តីបន្ទោសដោយប្រយោលពីប្រទេសចិន និងរុស្ស៊ី ដែលជាសមាជិកអចិន្ត្រៃយ៍ពីរក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំង៥ លើការ​ធ្វើវេតូ​សេចក្តី​ព្រាង​សេចក្តី​សម្រេច។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីមកពីចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក បូកនឹងសហភាពអឺរ៉ុប “ថ្កោលទោសក្នុងលក្ខខណ្ឌដ៏ខ្លាំងបំផុត” លើទីក្រុងព្យុងយ៉ាង ចំពោះការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបកាលពីថ្ងៃពុធសប្តាហ៍មុន ដែលជាទង្វើដែលពួកគេថា ” បំផ្លាញសន្តិភាព និងសន្តិសុខអន្តរជាតិ”។

ការបដិសេធសេចក្តីសម្រេច ដែលព្រាងដោយសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ គឺជាដំណោះស្រាយដំបូងរបស់ក្រុមប្រឹក្សាសន្តិសុខដែលមានគោលបំណងរារាំងកូរ៉េខាងជើង ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលចាប់តាំងពីឆ្នាំ២០០៦ នៅពេលដែលទណ្ឌកម្មដំបូងត្រូវបានអនុម័ត ហើយសមាជិកក្រុមប្រឹក្សាសន្តិសុខ ១៣ នាក់ផ្សេងទៀតបានបោះឆ្នោតគាំទ្រ៕ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top