ព័ត៌មានអន្តរជាតិ

តួកគី អាចនឹងប្រើសិទ្ធវេតូ ក្នុងការផ្អាក ឬលុបចោល សមយុទ្ធយោធា របស់អង្គការណាតូ នៅសមុទ្រខ្មៅ

បរទេស៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បាននិយាយថា សមយុទ្ធយោធារបស់អង្គការណាតូ ដែលគ្រោងធ្វើសម្រាប់សមុទ្រខ្មៅ ត្រូវបានពន្យារពេល ឬលុបចោលទាំងស្រុង ដោយលើកឡើងពីអនុសញ្ញាដែលមានអាយុកាល រាប់ទសវត្សរ៍ ដែលផ្តល់អំណាចវេតូ ដល់ទីក្រុងអង់ការ៉ា លើការដាក់ពង្រាយកងទ័ពជើងទឹក នៅក្នុងតំបន់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់ Anadolu ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសតួកគី បានពន្យល់ពីការស្ទាក់ស្ទើរ របស់ប្រទេសតួកគីក្នុងការរួមដំណើរ ជាមួយយុទ្ធនាការដាក់ទណ្ឌកម្ម របស់លោកខាងលិច ប្រឆាំងនឹងទីក្រុងមូស្គូ ក្នុងការឆ្លើយតបទៅនឹង ការវាយប្រហាររបស់ខ្លួន លើអ៊ុយក្រែន ដោយបញ្ជាក់ថា ប្រទេសរបស់លោកកំពុងស្វែងរក ការជៀសវាងភាពតានតឹង កាន់តែខ្លាំងឡើង ខណៈដែលប្រទេសនេះ ព្យាយាមឈ្មួញកណ្តាល ការចរចាបញ្ចប់ជម្លោះ។

«ប្រសិនបើយើងបានចូលរួម ក្នុងការដាក់ទណ្ឌកម្ម យើងនឹងមិនអាចបំពេញ តួនាទីសម្រុះសម្រួល ដែលយើងមាននៅពេលនេះបានទេ។ យើងបានអនុវត្តអនុសញ្ញា Montreux ចំពោះនាវាចម្បាំង ប៉ុន្តែដែនអាកាស ច្រករបៀងនោះ យើងត្រូវរក្សាវាឱ្យបើកចំហ” ដោយលោកសំដៅលើកិច្ចព្រមព្រៀងឆ្នាំ 1936 ដែលផ្តល់សិទ្ធិឱ្យតួកគី គ្រប់គ្រងចរាចរណ៍ផ្លូវសមុទ្រ ឆ្លងកាត់សមុទ្រខ្មៅ។

សូមជម្រាបថា ប្រទេសទួរគីបានប្រើប្រាស់អនុសញ្ញា Montreux ដើម្បីបដិសេធនាវាចម្បាំងរុស្ស៊ីមួយចំនួន ចូលទៅកាន់សមុទ្រខ្មៅតាមរយៈច្រកសមុទ្រ Bosporus ចាប់តាំងពីជម្លោះ ក្នុងប្រទេសអ៊ុយក្រែន បានចាប់ផ្តើមក្នុងខែកុម្ភៈ ទោះបីជាបានធ្វើការលើកលែង សម្រាប់នាវាត្រឡប់ទៅកំពង់ផែ ផ្ទះរបស់ពួកគេ ដូចដែលមានចែង ក្នុងកិច្ចព្រមព្រៀងក៏ដោយ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top