អនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោកស្រីWendy Sherman បាននិយាយនៅថ្ងៃអង្គារនេះថា « សហរដ្ឋអាមេរិក ប្រទេសកូរ៉េខាងត្បូង រួមទាំងពិភពលោកទាំងមូល នឹងរួមគ្នាចាត់វិធានការ ឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុត ប្រសិនបើលោក គីម ជុងអ៊ុន ធ្វើតេស្ដអាវុធប្រល័យ លោកនុយក្លេអ៊ែរ។»

អ្នកស្រីWendy Shermanបានថ្លែងថា « រាល់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ បានបំពានរួចទៅហើយ លើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខរបស់UN ពួកគេនឹងទទួលការឆ្លើយតបវិញ យ៉ាងម៉ឺងម៉ាត់ បើហ៊ានតែធ្វើតេស្ត ពិសេសខ្ញុំជឿជាក់ថា មិនមែនមានតែកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងប្រទេសជប៉ុននោះទេ ប៉ុន្តែពិភពលោកនឹងឆ្លើយយ៉ាងខ្លាំងក្លាទៅវិញ ជាក់ជាមិនខាន ។» លោកស្រីWendy Shermanបានថ្លែងដូច្នេះ នៅក្នុងសន្និសិទសារព័ត៌មាន បន្ទាប់ពីជំនួបពិភាក្សាជាមួយកូរ៉េខាងត្បូង នៅក្នុងទីក្រុងសេអ៊ូល។


សូមជម្រាបថា កាលពីម្សិលមិញ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក៏បានបាញ់មីស៊ីលចំនួន ៨គ្រាប់ចូលទៅក្នុងដែនទឹក នៃឆ្នេរសមុទ្រភាគខាងកើត នៃឧបទ្វីបកូរ៉េជាការឆ្លើយតបទៅ នឹងការបាញ់បង្ហោះមីស៊ីល៨ គ្រាប់របស់កូរ៉េខាងជើង ដែលចេះតែផ្គើនសហគមន៍អន្តរជាតិ ទាំងមិនញញើត ខណ:ការព្រួយបារម្ភកំពុង តែកើតមានខ្លាំង ខ្លាចទីក្រុងព្យុងយ៉ាង រៀបចំការសាកល្បងនុយក្លេអ៊ែរ ៕

