ព័ត៌មានអន្តរជាតិ

ឥណ្ឌា រំពឹងបង្កើនការនាំចូលប្រេង ពីរុស្សី

បរទេស៖កាសែត The Bloomberg ចេញផ្សាយកាលពីចុងសប្តាហ៍កន្លងមកនេះ បានឲ្យដឹងថាប្រទេសឥណ្ឌា កំពុងដំណើរការចរចា ជាមួយនឹងក្រុមហ៊ុនប្រេង របស់រុស្សី Rosneft ដើម្បីអាចពិនិត្យមើលលទ្ធភាព ក្នុងការបង្កើនការផ្គត់ផ្គង់ប្រេងបន្ថែមទៀត។

យោងតាមប្រភពដដែលនេះ បានឲ្យដឹងដែរថា ក្រុមហ៊ុនរដ្ឋមួយចំនួនរបស់ឥណ្ឌា ព្រមជាមួយនឹង Rosneft កំពុងតែធ្វើការនៅក្នុង ដំណាក់កាលចុងក្រោយមួយ ដើម្បីសម្រេចថា ឲ្យបាននូវកុងត្រាថ្មី នៃការផ្គត់ផ្គង់ប្រេង ដែលមានរយៈពេល យ៉ាងហោចណាស់៦ ខែពីប្រទេសរុស្សី ទៅឲ្យឥណ្ឌា។

ក្រុមហ៊ុនរបស់ឥណ្ឌា ដែលរួមមានទាំង Indian Oil Corp, Hindustan Petroleum និង Bharat Petroleum ព្រមទាំងក្រុមហ៊ុនឯកជនឥណ្ឌា Nayara Energy ផងត្រូវបានគេជឿជាក់ថា ជាអ្នកស្ថិតនៅក្នុងភាគី នៃការចរចាគ្នាលើកនេះ។

ទោះបីជាយ៉ាងណាក្តីព័ត៌មានលំអិត នៃតម្លៃនិងទំហំប្រេង ដែលនឹងត្រូវនាំចូល នៅមិនទាន់អាចបញ្ជាក់ បាននៅឡើយ ដោយសារតែរុស្សី និងឥណ្ឌា កំពុងបន្តចរចាជាមួយ នឹងធនាគារកណ្តាលឥណ្ឌា ដែលជាអ្នករៀបចំកិច្ចការងារនេះជាមុនសិន៕ ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top