គៀវ៖ សារព័ត៌មានប្រធានាធិបតី អ៊ុយក្រែន បានរាយការណ៍ថា ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខាលើក្រឹត្យពីរ ដាច់ដោយឡែកពីគ្នា ដែលដាក់ទណ្ឌកម្ម លើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមន្ត្រីរុស្ស៊ីជាង ២០០នាក់។
ការរឹតបន្តឹងដែលផ្តោតលើលោកពូទីន បានហាមឃាត់លោក ពីប្រតិបត្តិការពាណិជ្ជកម្ម ដូចជាការនាំចេញ និងនាំចូលឆ្លងកាត់ទឹកដីអ៊ុយក្រែន និងចូលរួមក្នុងការធ្វើឯកជន ភាវូបនីយកម្ម នៃទ្រព្យសម្បត្តិរដ្ឋរបស់អ៊ុយក្រែន ។
ទណ្ឌកម្ម ក៏រួមបញ្ចូល ទាំងការបង្កកទ្រព្យសម្បត្តិ និងការហាមប្រាម ក្នុងការប្រើប្រាស់ធនធាន ប្រេកង់វិទ្យុ របស់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
វិធានការរឹតត្បិតដូចគ្នានេះ នឹងអនុវត្ត ចំពោះមន្ត្រីកំពូលចំនួន ៣៤នាក់ រួមទាំងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin និងអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បើយោងតាមក្រឹត្យនេះ។
លើសពីនេះទៀត ក្រឹត្យនេះ បានដាក់ទណ្ឌកម្ម លើគ្រឹះស្ថានឧត្តមសិក្សា ចំនួន២៦៣។ ក្រោមវិធានការរឹតត្បិត គ្រឹះស្ថានអប់រំរុស្ស៊ី មិនអាចធ្វើការផ្លាស់ប្តូរវប្បធម៌ វិទ្យាសាស្ត្រ និងកីឡាជាមួយមិត្តភក្តិអ៊ុយក្រែន របស់ពួកគេបាននោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា