បរទេស ៖ ប្រជាជននៅក្នុងភូមិ Khadimal ក្នុងរដ្ឋ Maharashtra ភាគខាងលិចប្រទេសឥណ្ឌា ត្រូវបានបង្ខំឱ្យប្រថុយជីវិតជារៀងរាល់ថ្ងៃ ដើម្បីទឹកមួយធុង ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ភូមិ Khadimal ស្ថិតនៅក្នុងស្រុក Amravati ក្នុងតំបន់ Vidarbha ដែលងាយរងគ្រោះដោយគ្រោះរាំងស្ងួត របស់រដ្ឋ Maharashtra ដែលប្រឈមនឹងរលកកំដៅ ញឹកញាប់ផងដែរ។
ប្រជាពលរដ្ឋនិយាយថា ក្រុមប្រឹក្សាភូមិមូលដ្ឋានបញ្ជូនរថយន្តដឹកទឹក ២ ទៅ ៣ដងក្នុងមួយថ្ងៃ។ អ្នកបើកបរដឹកទឹកបានចាក់ទឹកចូលក្នុងអណ្ដូង បង្កឱ្យប្រជាជននាំគ្នាប្រញាប់ប្រញាល់ ដើម្បីបំពេញធុងមុនពេលស្តុកស្ងួត ។ បញ្ហារបស់ពួកគេកាន់តែអាក្រក់ទៅៗ ដោយសារតែគុណភាពទឹកមិនល្អ ក្មេងៗពួកគេនិយាយថា ជារឿយៗធ្លាក់ខ្លួនឈឺ បន្ទាប់ពីផឹកទឹកមិនស្អាត ។
បន្ទាប់ពី BBC បានផ្សព្វផ្សាយវីដេអូខ្វះទឹក លោក Avishyant Panda ដែលជានាយកប្រតិបត្តិ នៃក្រុមប្រឹក្សាស្រុក Amravati បានទៅមើលភូមិ ហើយបាននិយាយថា រដ្ឋបាលនឹងបង្កើនការ ដឹកទឹកឱ្យបានញឹកញាប់ ។ លោកក៏បានលើកឡើងថានឹងព្យាយាមដំឡើង បំពង់ទឹកដើម្បីដោះស្រាយវិបត្តិទឹក នៅក្នុងភូមិជាអចិន្ត្រៃយ៍ ៕
ប្រែសម្រួលៈ ណៃ តុលា