បរទេស៖ យោធាអាមេរិកបានបញ្ជាឱ្យបញ្ឈប់ជា បណ្តោះអាសន្ននូវបេសកកម្មមិនសំខាន់មួយចំនួន ដើម្បីធ្វើការពិនិត្យឡើងវិញនូវហានិភ័យ និងកំហុសបច្ចេកទេស បន្ទាប់ពីយន្តហោះ MV-22B Osprey ក៏ដូចជា យន្តហោះ MH-60S Seahawk និង យន្តហោះចម្បាំង F/A-18E Super Hornet បានធ្លាក់ត្រឹមតែមួយសប្តាហ៍នៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមកងទ័ពជើងទឹក កិច្ចការសាធារណៈ បានប្រកាសនៅក្នុងសេចក្តីថ្លែង ការណ៍មួយកាលពីថ្ងៃសៅរ៍ថា «ជាលទ្ធផលនៃការធ្លាក់ថ្មីៗនេះដែលពាក់ព័ន្ធនឹងយន្តហោះ របស់កងទ័ពជើងទឹកអាមេរិក និងកងម៉ារីន មេបញ្ជាការ កងទ័ពជើងទឹកបានបញ្ជាឱ្យអង្គភាពអាកាសចរណ៍កងទ័ពជើងទឹក ដែលមិនត្រូវបានដាក់ពង្រាយទាំងអស់ ធ្វើការផ្អាកសុវត្ថិភាពនៅថ្ងៃទី១៣ ខែមិថុនា ដើម្បីពិនិត្យឡើងវិញនូវការអនុវត្តការគ្រប់គ្រងហានិភ័យ និងធ្វើការបណ្តុះបណ្តាលស្តីពីការគំរាមកំហែង និងដំណើរការគ្រប់គ្រងកំហុស»។
យោធាបន្ថែមថា អង្គភាពទាំងនោះដែលត្រូវ បានដាក់ពង្រាយបច្ចុប្បន្ន ត្រូវបានបញ្ជាឱ្យធ្វើការផ្អាកសុវត្ថិភាពស្រដៀងគ្នានេះ “នៅឱកាសដំបូងបំផុត” ដោយសង្កត់ធ្ងន់ថា ការធានាសុវត្ថិភាពនៃប្រជាជនរបស់យើងនៅតែជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងរបស់យើង៕
ប្រែសម្រួលៈ ណៃ តុលា