ព័ត៌មានអន្តរជាតិ

គ្រីបតូធ្លាក់ថ្លៃ ដូចទឹកបាក់ទំនប់ តែស្ទង់មតិមក អ្នកគាំទ្រ នៅតែក្រាស់ក្រែល

សង្គ្រាម អតិផរណា ការរាំងខ្ទប់ចរាចរណ៍ បណ្ដាលឱ្យទ្រព្យឌីជីថល ដែលគេហៅថា គ្រីបតូ ធ្លាក់ថ្លៃយ៉ាងគំហុក តួយ៉ាង Bitcoin បានធ្លាក់ថ្លៃសឹង ពាក់កណ្ដាល ប្រមាណជា ៤៥% ពីតម្លៃ ៤៨០០០ដុល្លារ មកនៅ ២៦០០០ដុល្លារ ត្រឹមរយៈពេលជិត ៣ខែ ចុងក្រោយតែប៉ុណ្ណោះ

ប៉ុន្ដែយ៉ាងណា មនុស្សមិនបានបាត់ទំនុកចិត្ត ទាំងស្រុងនៅឡើយទេ ត្បិតការស្ទង់មតិថ្មីមួយពី ធនាគារអាមេរិច (Bank of America) កាលពី ថ្ងៃចន្ទ កន្លងទៅ លើអ្នកវិនិយោគប្រមាណ ១០០០នាក់ បានបង្ហាញថា មនុស្សនៅតែជឿជាក់ និងទុកចិត្តលើ លុយគ្រីបតូ។

លទ្ធផលស្ទង់មតិសំខាន់ៗបានបង្ហាញថា៖

មានមនុស្ស ៩១% មានបំណងទិញគ្រីបតូ នៅរយៈពេលប្រាំមួយខែបន្ទាប់ និងបានទិញក្នុងរយៈពេល ៦ខែ ចុងក្រោយ។
មានមនុស្ស ៣០% និយាយថា ពួកគេមិនមានគម្រោងលក់គ្រីបតូចេញក្នុង ៦ខែ ខាងមុខ និងមិនបានលក់នៅ ៦ខែ ចុងក្រោយនេះដែរ។
ប្រភពធនាគារដដែលបាននិយាយថា អ្នកប្រើ Paypay ៥០% និង Coinbase ៤៦% បានប្រើប្រាស់កម្មវិធីទាំងនេះ ដោយទំនោរទិញច្រើនជាងលក់ សម្បូរជាងគេតម្លៃ ២៥ដុល្លារ។

មានមនុស្សប្រមាណ ៣៤ ទៅ ៣៩% ប្រើប្រាស់លុយគ្រីបតូ ជាមធ្យោបាយបង់ប្រាក់ ដូចជាការទិញទំនិញតាមអ៊ីនធឺណិត និងប្រើប្រាស់ផ្ទាល់ខ្លួន។
របាយការណ៍បានបន្ថែមថា ភាគច្រើននៃអ្នកឆ្លើយតប គឺជាអ្នកវិនិយោគរយៈពេលខ្លី ដោយប្រមាណជា ៧៧% ក្ដោបក្ដាប់គ្រីបតូក្នុង រយៈពេលតិចជាងមួយឆ្នាំប៉ុណ្ណោះ ៕

Most Popular

To Top