ព័ត៌មានអន្តរជាតិ

ក្រុមចម្រុះដឹកនាំដោយ អាមេរិក ឃាត់ខ្លួនមេដឹកនាំ ISIS នៅក្នុងប្រទេសស៊ីរី

វ៉ាស៊ីនតោន៖ កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបាននិយាយថា ពួកគេបានឃុំខ្លួនមេដឹកនាំ ISIS ជាន់ខ្ពស់ម្នាក់នៅថ្ងៃព្រហស្បតិ៍ នេះ អំឡុងពេលប្រតិបត្តិការនៅក្នុងប្រទេសស៊ីរី។

 ក្រុមចម្រុះបានឲ្យដឹងថា “បុគ្គលដែលត្រូវបានឃុំឃាំងត្រូវបានគេវាយតម្លៃថាជាអ្នកផលិតគ្រាប់បែកដែលមានបទពិសោធន៍ និងអ្នកសម្របសម្រួល ដែលបានក្លាយជាមេដឹកនាំកំពូលម្នាក់របស់ក្រុមនៅក្នុងប្រទេសស៊ីរី” ។

ប្រភពបានឲ្យដឹងទៀតថា គ្មានជនស៊ីវិលណាម្នាក់រងគ្រោះថ្នាក់ក្នុងអំឡុងពេលប្រតិបត្តិការនោះទេ ហើយគ្មានយន្តហោះណាមួយត្រូវបានខូចខាតឡើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។

 អ្នកនាំពាក្យក្រុមឧទ្ទាមបានប្រាប់រ៉យទ័រថា ក្រុមចម្រុះបានបំពេញបេសកកម្មនៅព្រឹកព្រលឹមមួយ នៅក្នុងតំបន់ភាគខាងជើងនៃប្រទេសស៊ីរី ដែលកាន់កាប់ដោយពួកឧទ្ទាម  ដែលគាំទ្រដោយតួកគី។ អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​ឲ្យដឹងថា វា​ជា​ការ​វាយ​ឆ្មក់​លើក​ដំបូង​ក្នុង​តំបន់​នេះ។

 លោក Maj Youssef Hamoud អ្នកនាំពាក្យកងទ័ពជាតិស៊ីរី ដែលគាំទ្រដោយតួកគី បានប្រាប់រ៉យទ័រថា ប្រតិបត្តិការនេះបានកើតឡើងនៅជិតភូមិ Al Humaira ចម្ងាយប្រហែល ៣គីឡូម៉ែត្រពីព្រំដែនតួកគី ហើយឧទ្ធម្ភាគចក្រ Chinook និង Black Hawk ផលិតដោយសហរដ្ឋអាមេរិក បានចូលរួម៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top