ព័ត៌មានអន្តរជាតិ

ការចំណាយលុយ លើអាវុធនុយក្លេអ៊ែរសកល ត្រូវបានគណនាមកបង្ហាញ

បរទេស៖ ការចំណាយលើសព្វាវុធបរមាណូជាសាកល បានឃើញការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ 2021, នេះបើយោងតាមរបាយការណ៍ ចុងក្រោយបង្អស់របស់យុទ្ធនាការអន្តរជាតិដើម្បីលុប បំបាត់អាវុធនុយក្លេអ៊ែរ (ICAN) ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរចំនួន៩ រួមមានសហរដ្ឋអាមេរិក ចិន រុស្ស៊ី បារាំង ឥណ្ឌា អ៊ីស្រាអែល កូរ៉េខាងជើង ប៉ាគីស្ថាន និងចក្រភពអង់គ្លេស បានចំណាយប្រាក់សរុបចំនួន 82,4 ពាន់លានដុល្លារ លើការធ្វើឱ្យប្រសើរឡើង និងរក្សាអាវុធនុយក្លេអ៊ែរ 13 000 ដែលគេប៉ាន់ស្មាន ដែលមានការកើនឡើង 9% ពីឆ្នាំមុន, នេះបើយោងតាមការប៉ាន់ស្មានរបស់ ICAN ។

របាយការណ៍ដែលជារបាយការណ៍សង្ខេបប្រចាំឆ្នាំទីបីរបស់ ICAN នៃការចំណាយនុយក្លេអ៊ែរ ជាសាកល និងមានចំណងជើងថា ‘Squandered: 2021 Global Nuclear Weapons Spending’ បញ្ជាក់ថា សរុបមក ពិភពលោកបានចំណាយសរុប 156 842 ដុល្លារ ជារៀងរាល់នាទីនៃឆ្នាំ 2021 លើអាវុធប្រល័យលោក អំឡុងពេលមានជំងឺរាតត្បាតដែលកំពុងបន្ត និងការកើនឡើងអសន្តិសុខស្បៀងជាសកល៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top