បរទេស ៖ ប្រទេសដាណឺម៉ាក កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការចោទប្រកាន់ថា នាវាចម្បាំងរបស់ប្រទេសរុស្សី បានធ្វើសកម្មភាពរំលោភបំពាន លើទឹកដី របស់ខ្លួន នេះបើយោងតាមការ បញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស ដាណឺម៉ាក លោក Jeppe Kofodនិងដោយបានហៅវាថា ជាការបង្កហេតុហើយក៏បានធ្វើការ កោះហៅ រដ្ឋទូតរុស្សី មកធ្វើការបកស្រាយផងដែរ ។
យោធារបស់ប្រទេស ដាណឺម៉ាក បាននិយាយថា នាវាចម្បាំងរបស់រុស្សី បានធ្វើដំណើរចូលមកក្បែរដែនទឹក របស់ខ្លួនដោយមិនមានការអនុញ្ញាតិ ឡើយកាលពីយប់ថ្ងៃសុក្រ និងបន្ទាប់មកម្តងទៀត ក្នុងរយៈពេល ២ឬ៣ ម៉ោងក្រោយហើយ ក៏បានចាកចេញក្រោយកងទ័ពជើងទឹក ដាណឺម៉ាក បានទាក់ទងតាមវិទ្យុ ។
លោករដ្ឋមន្ត្រីការបរទេស ដាណឺម៉ាក Kofot ក៏បានលើកឡើងដែរថា ទូតរុស្សីត្រូវបានកោះហៅ មកពិភាក្សារួចរាល់ហើយដែរ ចំពោះបញ្ហាប៉ុន្តែអះអាងថា វាគឺជាហេតុការណ៍ ដែលមិន អាចទទួលយកបាន និងគ្មានទំនួលខុសត្រូវ ពីសំណាក់យោធា របស់ប្រទេសរុស្សី។
ទោះបីជាយ៉ាងណាក្តី ទាំងវិមានក្រមឡាំងនិងស្ថានទូត របស់ប្រទេស រុស្សី នៅក្នុងទីក្រុង Copenhagen មកដល់ពេលនេះ នៅមិនទាន់បានចេញ មកធ្វើការឆ្លើយតប ចំពោះហេតុការណ៍នេះ នៅឡើយទេ ៕
ប្រែសម្រួល៖ស៊ុនលី