នៅក្នុងស្មាតហ្វូន របស់អ្នករមែង មានឯកសារសំខាន់ៗជាច្រើន ដែលខ្លះជាលក្ខណៈឯកជនភាព ពោល គឺមិនចង់ឲ្យអ្នកក្រៅ បានដឹងបានឃើញនោះឡើយ។ ប៉ុន្តែរាល់ទិន្នន័យ ទាំងនោះក៏ជាមុខព្រួញ ដ៏សំខាន់ដែល Hacker តែងតែវាយប្រហារក្នុងគោលបំណង ជំរិតទារប្រាក់ពីម្ចាស់ដើម។
តាមអ្នកជំនាញ បានណែនាំកំហុសឆ្គងទាំង ៧ យ៉ាង ដែលម្ចាស់ស្មាតហ្វូនភាគច្រើន តែងតែរំលង ហើយវាក៏ជាមធ្យោបាយបើកផ្លូវឲ្យ Hacker អាចធ្វើស៊ីអ្នកបានដោយងាយ ៖
ការបន្តប្រើប្រាស់ App និង OS ជំនាន់ចាស់
ជាប្រចាំក្រុមហ៊ុន តែងតែបញ្ចេញ នូវប្រព័ន្ធប្រតិបត្តិ ជំនាន់ក្រោយៗ សម្រាប់ឲ្យអ្នកប្រើប្រាស់ធ្វើការ Update ដោយមិនត្រឹមតែ ផ្តោតលើការផ្លាស់ប្តូររចនាបថកម្មវិធី មួយទៀតសោតក៏ពង្រឹង កាន់តែប្រសើរឡើងលើប្រព័ន្ធសុវត្ថិភាព ។ មិនខុសពីការប្រើប្រាស់ App មួយចំនួន ក៏អ្នកចាំបាច់ត្រូវរមែង Update ទៅកាន់ជំនាន់ក្រោយៗជាចាំបាច់ ។
ឧស្សាហ៍ប្រើប្រាស់ Wi-Fi សាធារណៈ
Wi-Fi នៅទីសាធារណៈគឺជាគ្រោះថ្នាក់ខ្លាំងបំផុតមួយ សម្រាប់អ្នកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក តួយ៉ាងដូចជានៅហាង លក់ទំនិញ កាហ្វេ អាកាសយានដ្ឋានឬ ទីតាំងសាធារណៈណាមួយ ។ បើអាចគួរប្រើប្រាស់តែអ៊ីនធឺណិត ផ្ទាល់ខ្លួនបានហើយ ព្រោះជនខិលខូច ក៏មានឱកាសវាយប្រហារអ្នកតាមរយៈ Wi-Fi សាធារណៈផងដែរ ។
ការមិនប្រើប្រាស់កូដ សម្ងាត់មុខអេក្រង់
ស្រមៃថាបើអ្នកចៃដន្យ ជ្រុះបាត់ទូរសព្ទនៅថ្ងៃណាមួយ នោះរាល់ឯកសារ សម្ងាត់មិនថារូបភាពឬទិន្នន័យលាក់ទុក សំខាន់មួយចំនួន ប្រាកដជាត្រូវទៅដល់ដៃភាគីម្ខាងទៀត ។ មកទល់បច្ចុប្បន្នមានការអភិវឌ្ឍ កាន់តែងាយនិងសាមញ្ញ បើអ្នកខ្ជិលវាយកូដសម្ងាត់ ក៏អាចប្រើប្រាស់ ប្រព័ន្ធស្កេនខ្ចៅដៃឬស្កេនមុខបានយ៉ាងងាយ ។
ចេះតែចុចចូលមើល Email ផ្ញើចូលផ្តេសផ្តាស
ជៀសវាងឲ្យបានការចុចលើ Link ក្នុង Email ដែលគេផ្ញើចូលទាក់ទិននឹងការ ផ្សព្វផ្សាយទាក់ទាញណាមួយ ហើយចាំបាច់ហាមវាយ បញ្ចូលគណនីបណ្តាញសង្គមឬអាសយដ្ឋានណាមួយ ដាច់ខាត់ប្រសិនមានការទាមទារ ។
មិនបានកំណត់ Permission លើ App
អ្នកគួរស្វែងយល់ ឲ្យបានច្បាស់លើការប្រើប្រាស់ App នីមួយៗ និងរៀនដាក់កំហិតលើការអនុញ្ញាត ឲ្យភ្ជាប់ទៅកាន់កាមេរ៉ា ម៉ៃក្រូហ្វូន ឬបញ្ជីឈ្មោះ ជាពិសេសលើ App ដែលពុំមានប្រភពច្បាស់លាស់ ។ អាចធ្វើទៅបានតាមរយៈទីតាំងSettings > Privacy ស្វែងរកមើលឈ្មោះកម្មវិធីនិងធ្វើការកំណត់។
ការប្រើប្រាស់ខ្សែ USB របស់អ្នកដទៃ
ចាំបាច់គួរប្រើប្រាស់តែខ្សែ USB ដែលជារបស់អ្នកបានហើយ ព្រោះឧក្រិដ្ឋជនអាច Hack លុកលុយយកទិន្នន័យ ក្នុងម៉ាស៊ីនរបស់អ្នក តាមរយៈរន្ធសាក USB។ ឧទាហរណ៍៖ អ្នកសាកថ្មទូរសព្ទ ដោយប្រើប្រាស់ខ្សែ USB របស់នរណាម្នាក់នៅទីតាំងហាង កាហ្វេឬអាកាសយានដ្ឋាន។