ព័ត៌មានអន្តរជាតិ

រុស្ស៊ី ប្រកាស ដាក់ពង្រាយ ប្រព័ន្ធការពារ ដែនអាកាស S-500 ទំនើបបំផុតរបស់ខ្លួន

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃអង្គារថា យោធារុស្ស៊ីកំពុង ស្ថិតក្នុងដំណើរការ ដាក់ពង្រាយ S-500 ដែលជាប្រព័ន្ធការពារដែន អាកាសទំនើបបំផុត នៅក្នុងប្រទេស ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា មេដឹកនាំរុស្ស៊ី បានធ្វើសេចក្តីប្រកាសក្នុង អំឡុងពេលថ្លែង សុន្ទរកថា ទៅកាន់និស្សិតបញ្ចប់ការ សិក្សានៅមហាវិទ្យាល័យយោធា នៅទីក្រុងមូស្គូ ខណៈដែលលោកបានពណ៌នា អំពីផែនការរបស់រុស្ស៊ី សម្រាប់ការបំពាក់ប្រព័ន្ធ សព្វាវុធទំនើបៗ ដែលលោកបាននិយាយថា “នឹងកំណត់សមត្ថភាព ប្រយុទ្ធរបស់កងទ័ព និងកងទ័ពជើងទឹកសម្រាប់ឆ្នាំ និងច្រើនទសវត្សរ៍ខាងមុខ” ។

លោក ពូទីន បានបញ្ជាក់ថា ប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ S-500 ដែលត្រូវបានរចនាឡើង ដើម្បីស្ទាក់ចាប់យន្តហោះ និងមីស៊ីល ហើយអាចមានសមត្ថភាពប្រឆាំង ផ្កាយរណបមួយចំនួន គឺមិនមានអ្វីប្រៀបបានឡើយ នៅក្នុងពិភពលោកនេះ។

សូមជម្រាបថា ប្រព័ន្ធការពារអាកាស S-500 Prometey ត្រូវបានរចនាឡើង ដោយក្រុមហ៊ុនផលិតសព្វាវុធ Almaz-Antey ជាការបន្តនៃក្រុមគ្រួសារ នៃមីស៊ីលរយៈចម្ងាយឆ្ងាយ ពីដីទៅអាកាស ។ វាត្រូវបានគេជឿថា មានរយៈចម្ងាយ 600 គីឡូម៉ែត្រ និងមានសមត្ថភាព ស្ទាក់ចាប់គោលដៅ ដែលកំពុងធ្វើដំណើរ ក្នុងល្បឿនលឿនជាងសំឡេង រួមទាំងក្បាលគ្រាប់នៃមីស៊ីល ផ្លោងអន្តរទ្វីបផងដែរ ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top