ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ បញ្ជាឲ្យយន្តហោះរបស់ខ្លួន ហោះឡើងព្រមានដល់យន្តហោះចិន ២៩គ្រឿង ដែលហោះឆ្លងចូលតំបន់ ដែនអាកាសរបស់ខ្លួន

តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ថា កោះតៃវ៉ាន់បានបញ្ជា យន្តហោះកាលពីថ្ងៃអង្គារដើម្បីព្រមានយន្តហោះចិនចំនួន២៩គ្រឿងដែលហោះឆ្លងចូលនៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន រួមទាំងយន្តហោះទម្លាក់គ្រាប់បែក ដែលបានហោះទៅភាគខាងត្បូងនៃដែនកោះ និងចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងភាពតានតឹងចុងក្រោយបំផុត និងការលុកលុយដ៏ធំបំផុតចាប់តាំងពីចុងខែឧសភា។

កោះតៃវ៉ាន់ ដែលចិន បានអះអាងថា ជាទឹកដីរបស់ខ្លួន បានត្អូញត្អែរក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ឬលើសពីនេះពីបេសកកម្មម្តងហើយម្តងទៀតដោយកងកម្លាំងអាកាសចិន នៅជិតកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ជាញឹកញាប់នៅតំបន់ភាគនិរតីនៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន ឬហៅថា ADIZ ជិតនឹង ប្រជុំកោះ Pratas ដែលគ្រប់គ្រងដោយកោះតៃវ៉ាន់ ។

កោះតៃវ៉ាន់ បានហៅសកម្មភាពយោធាដែលនៅក្បែរនោះដដែលៗរបស់ចិនថា ជាតំបន់ប្រផេះនៃសង្គ្រាម ដែលរៀបចំឡើងដើម្បីបំបាត់កម្លាំងរបស់កោះតៃវ៉ាន់ ដោយធ្វើឲ្យពួកគេឈ្លោះគ្នាម្តងហើយម្តងទៀត ហើយក៏ដើម្បីសាកល្បងការឆ្លើយតបរបស់កោះតៃវ៉ាន់ផងដែរ ។

ក្រសួងការពារជាតិកោះតៃវ៉ាន់បានឲ្យដឹងថា បេសកកម្មចុងក្រោយរបស់ចិន រួមមានយន្តហោះចម្បាំង១៧គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក H-6 ចំនួន៦គ្រឿង ក៏ដូចជាសង្គ្រាមអេឡិចត្រូនិក ការព្រមានជាមុន នាវាប្រឆាំងនាវាមុជទឹក និងយន្តហោះចាក់សាំងពីលើអាកាសទៀតផង ។

យោងតាមផែនទីដែលក្រសួងបានផ្តល់ឲ្យ យន្តហោះមួយចំនួនបានហោះហើរនៅតំបន់មួយទៅភាគឦសាននៃកោះ Pratas ។

ទោះជាយ៉ាងណាក៏ដោយ យន្តហោះទម្លាក់គ្រាប់បែក អមដោយសង្គ្រាមអេឡិចត្រូនិក និងយន្តហោះប្រមូលផ្តុំស៊ើបការណ៍ បានហោះចូលទៅក្នុងច្រក Bashi ដែលបំបែកចេញពីកោះតៃវ៉ាន់ពីហ្វីលីពីន និងចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក មុនពេលត្រឡប់ទៅប្រទេសចិន វិញតាមផ្លូវដែលពួកគេចូលមក ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top