គៀវ ៖ រដ្ឋមន្ត្រីការពារជាតិ លោក Oleksii Reznikov បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានទទួលប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ (HIMARS) ពីសហរដ្ឋអាមេរិក ។
លោក Reznikov បានសរសេរថា “HIMARS បានមកដល់ អ៊ុយក្រែនហើយ” ដោយមិនបានបញ្ជាក់ពីចំនួនអាវុធនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។
ប្រព័ន្ធរ៉ុក្កែត HIMARS ត្រូវបានផ្គត់ផ្គង់ ដល់ប្រទេសអ៊ុយក្រែន ក្រោមកញ្ចប់អាវុធតម្លៃ ៧០០ លានដុល្លារអាមេរិក ដែលបានបង្ហាញ ដោយសហរដ្ឋអាមេរិក កាលពីថ្ងៃទី ១ ខែមិថុនា។
សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយ ដល់អ៊ុយក្រែន បន្ថែមចំនួន៤៥០លានដុល្លារ ។ ក្រសួងការពារជាតិ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ជំនួយសន្តិសុខមានតម្លៃ រាប់លានដុល្លារ រួមទាំងប្រព័ន្ធរ៉ុក្កែត ទំនើបចំនួនបួនបន្ថែមទៀត។
ក្នុងចំណោមរបស់របរ ដែលក្រុងវ៉ាស៊ីនតោន បានសន្យាចំពោះក្រុងគៀវ ក្នុងកញ្ចប់សព្វាវុធចុងក្រោយបង្អស់ មានប្រព័ន្ធរ៉ុក្កែត ចល័តខ្ពស់ចំនួនបួន នាវាល្បាតចំនួន ១៨គ្រឿង សម្រាប់ឃ្លាំមើលឆ្នេរសមុទ្រ និងទន្លេ គ្រាប់រំសេវជាច្រើនទៀត ព្រមទាំងអាវុធធុនតូច ដូចជាគ្រាប់បែកដៃ និងកាំភ្លើងយន្តជាដើម ៕
ប្រែសម្រួល ឈូក បូរ៉ា