ព័ត៌មានអន្តរជាតិ

Update៖ សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយសន្តិសុខដល់អ៊ុយក្រែន បន្ថែមគិតជាទឹកប្រាក់ ៤៥០លានដុល្លារ

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ថា ក្រសួងការពារជាតិបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយផ្នែកសន្តិសុខដល់ប្រទេសអ៊ុយក្រែននូវទឹកប្រាក់ចំនួន៤៥០ លានដុល្លារបន្ថែមទៀត រួមទាំងប្រព័ន្ធរ៉ុក្កែតទំនើបចំនួន៤បន្ថែមទៀត ។

ក្នុងចំណោមរបស់របរដែល ក្រុងវ៉ាស៊ីនតោនបានសន្យាចំពោះក្រុងគៀវក្នុងកញ្ចប់ សព្វាវុធចុងក្រោយបង្អស់មានប្រព័ន្ធគ្រាប់រ៉ុក្កែត ចល័តខ្ពស់ចំនួន៤ នាវាល្បាតចំនួន១៨គ្រឿងសម្រាប់ ឃ្លាំមើលឆ្នេរសមុទ្រ និងទន្លេ គ្រាប់រំសេវជាច្រើនទៀត ព្រមទាំងអាវុធធុនតូចដូចជាគ្រាប់បែកដៃ និងកាំភ្លើងយន្តផងដែរ ។

កញ្ចប់នេះនឹងត្រូវបានដកចេញ ពីស្តុកដែលមានស្រាប់របស់មន្ទីរបញ្ចកោណ ដែលជាលើកទី១៣ដែលរដ្ឋបាលបានធ្វើដូច្នេះដើម្បីផ្តល់អាវុធដល់អ៊ុយក្រែន ក្នុងជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី ។

យោងតាមសេចក្តីថ្លែងការណ៍ របស់មន្ទីរបញ្ចកោណ សហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយផ្នែកសន្តិសុខចំនួនប្រមាណ៦,៨ ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការគ្រប់គ្រងរបស់ប្រធានាធិបតី ចូ បៃដិន រួមទាំងទឹកប្រាក់ប្រមាណ៦,១ពាន់លានដុល្លារចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន ៕

Most Popular

To Top