ព័ត៌មានអន្តរជាតិ

Google ព្រមានអំពី spyware ប្រើប្រាស់ ដោយរដ្ឋាភិបាល បរទេស លួចចូលទូរស័ព្ទ Apple និង Android ដើម្បីតាមដានសកម្មភាពរបស់ពលរដ្ឋ

អាមេរិក ៖ នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Google បានព្រមានអំពី spyware ដែលត្រូវបានប្រើប្រាស់ ដោយរដ្ឋាភិបាលបរទេស ដើម្បីលួចចូល ទូរស័ព្ទ Apple និង Android និងលួចមើលសកម្មភាព របស់អ្នកប្រើប្រាស់ ជាពិសេសប្រជាពលរដ្ឋតែម្តង ។

Google និងក្រុមហ៊ុនសន្តិសុខ Lookout បានបង្ហាញឲ្យដឹងថា Spyware ជាកម្មវិធីលួចព័ត៌មានពីឧបករណ៍មួយ ត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន RCS Lab ។ RCS Lab spyware ត្រូវបានរដ្ឋាភិបាល អ៊ីតាលី និងកាហ្សាក់ស្ថាន ប្រើដើម្បីឈ្លបយកការណ៍ លើសារឯកជន និងទំនាក់ទំនង ដែលរក្សាទុកនៅលើស្មាតហ្វូន របស់ពលរដ្ឋពួកគេ ។

ទោះជាយ៉ាងណាក៏ដោយ Spyware មានសមត្ថភាពអាចធ្វើចារកម្មលើកម្មវិធីរុករក តាមអ៊ីនធើណេត កាមេរ៉ា សៀវភៅអាសយដ្ឋាន ក្ដារតម្បៀតខ្ទាស់ និងកម្មវិធីជជែករបស់ជន រងគ្រោះផងដែរ។ RCS Lab គឺជាឧទាហរណ៍នៃក្រុមហ៊ុនស្ទាក់ចាប់ ដោយស្របច្បាប់ ដោយអះអាងថា លក់តែឲ្យអតិថិជន ដែលមានការប្រើប្រាស់ស្របច្បាប់ សម្រាប់ការឃ្លាំមើល ដូចជាភ្នាក់ងារស៊ើបការណ៍ សម្ងាត់ និងភ្នាក់ងារអនុវត្តច្បាប់ជាដើម ។

អ្នកជំនាញសន្តិសុខបាននិយាយថា ប៉ុន្តែតាមពិត ឧបករណ៍បែបនេះជារឿយៗ ត្រូវបានរំលោភបំពានក្រោមរូបភាព នៃសន្តិសុខជាតិ ដើម្បីឈ្លបយកការណ៍ លើនាយកប្រតិបត្តិអាជីវកម្ម សកម្មជនសិទ្ធិមនុស្ស អ្នកកាសែត អ្នកសិក្សា និងមន្ត្រីរដ្ឋាភិបាល ៕ ដោយ៖លី ភីលីព

Most Popular

To Top