បរទេស៖ អ្នកនាំពាក្យរបស់ប្រធានាធិបតីតួកគី លោក Ibrahim Kalin បាននិយាយថា ប្រទេសតួកគីមិនធ្វើតាម ការនាំមុខរបស់លោកខាងលិចក្នុងការដាក់ទណ្ឌកម្ម លើប្រទេសរុស្ស៊ីនោះទេ ដោយសារតែវាត្រូវបានដឹកនាំ ដោយសំអាងទៅលើសេដ្ឋកិច្ចជាក់ស្តែង និង “គោលនយោបាយតុល្យភាព” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ Haberturk លោក Ibrahim Kalin បាននិយាយថា រដ្ឋាភិបាលទីក្រុងអង់ការ៉ាកំពុងបន្ត “គោលនយោបាយតុល្យភាព” នៅពេលនិយាយអំពីទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី។
លោកបានពន្យល់ថា “ដោយសារយើងពឹងផ្អែកលើប្រភពបរទេស សម្រាប់ថាមពល យើងបង្កើតទំនាក់ទំនង ជាមួយរុស្ស៊ីដូចដែលយើងធ្វើជាមួយអ៊ីរ៉ង់” ដោយកត់សម្គាល់ថា តួកគីក៏រីករាយនឹងទំនាក់ទំនងល្អ ជាមួយសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត។
អ្នកនាំពាក្យប្រធានាធិបតីតួកគីរូបនេះ បន្ថែមថា “យើងមិនដាក់ទណ្ឌកម្មលើរុស្ស៊ី ក្រោយសង្គ្រាមអ៊ុយក្រែននោះទេ។ ជាការពិតណាស់ យើងត្រូវតែការពារ ផលប្រយោជន៍ប្រទេសយើង»៕ ប្រែសម្រួលៈ ណៃ តុលា